ព្រឹត្តិការណ៍ទេសចរណ៍ជិត ២០នឹងរៀបចំនៅសៀមរាបអង្គរក្នុងឆ្នាំនេះ

  • 2020-02-25 01:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​តូច​ធំជិត ២០កម្មវិធី នៅគោលដៅទេសចរណ៍សៀមរាប អង្គរ នា​អំឡុង​ឆ្នាំ​២០២០ នេះ ដើម្បីជំរុញឱ្យមានចលនាទេសចរកាន់តែច្រើនទៅកាន់ខេត្តសៀមរាប និង​សំដៅ​ទាក់​ទាញ​កំណើន​ទេសចរ​បរទេស​មកកាន់កម្ពុជាផងដែរ។នេះ​បើ​តាម​ការ​ថ្លែងរបស់​លោក​រដ្ឋមន្ត្រី ថោង ខុន ​ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន កាល​ពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

រូបភាព៖ ក្រសួងទេសចរណ៍
លោក ថោង ខុន ក៏​បានបញ្ជាក់​ប្រាប់ថា ក្រៅ​ពីព្រឹត្តិការណ៍​សង្ក្រាន្ត​សៀមរាប​ក៏​នៅ​មាន​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ កីឡាមួយចំនួនទៀត ដោយលោកបានបង្ហើបថា ព្រឹត្តិការណ៍​ទេសចរណ៍​ទាំង​នោះ នឹង​ត្រូវបង្ហាញលម្អិតនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ លោកបន្តថា ក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយរួចមកហើយ ដើម្បី​ចុះ​អនុវត្ត​ការ​ងារ​សំខាន់ៗមួយចំនួន ក្នុងនោះមានដូចជា​ការ​បណ្ដុះបណ្ដាល​បំប៉ន​សមត្ថភាព​ដល់​បុគ្គលិក ឬកម្មករនិយោជិតបម្រើការតាមសណ្ឋាគារមួយចំនួន ដែល​ទទួល​រង​ការ​ប៉ះពាល់​នៅ​ខេត្ត​សៀមរាប ការរៀបចំកញ្ចប់​ទស្សនកិច្ច និងដំណើរទស្សនកិច្ចទេសចរណ៍ទៅកាន់សៀមរាប-អង្គរ ការ​បង្កើន​ការ​ផ្សព្វផ្សាយពីគោលដៅទេសចរណ៍សៀមរាប-អង្គរ ក៏ដូចជាវិស័យទេសចរណ៍​ជាតិ​ទាំង​មូល។

តាមការបញ្ជាក់របស់លោក ថោង ខុន ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​នឹង​សប្បាយ​រីករាយជាមួយដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប ខណៈ​ដែល​កម្ពុជា​បាន​ធានា​អះ​អាង​ថា «ខ្លួននៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និង​ផ្ដល់​នូវ​ភាព​កក់​ក្ដៅ»។ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ម្ចាស់ ឬនិយោជកនៅតាមសណ្ឋាគារ ផ្ទះ​សំណាក់​​ទាំង​ឡាយ​នៅ​ខេត្ត​សៀមរាប សូម​មានការបន្ធូរបន្ថយថ្លៃស្នាក់នៅជូន​ដល់ភ្ញៀវ​ទេសចរ​គ្រប់គ្នា ចំណែក​ឯក្រុមហ៊ុន​ទីភ្នាក់​ងារ​ទេសចរណ៍ ក៏​សូម​កុំយក​ចំណេញ​លើ​ការរៀប​ចំ​សេវាកម្ម​កញ្ចប់​ទស្សនកិច្ច​ពីភ្ញៀវ​ច្រើន​ពេក ខណៈដែលរាជរដ្ឋាភិបាល​ក៏កំពុងដាក់​ចេញ​នូវ​គោលនយោបាយ​លើក​ទឹកចិត្ត​នានា​ដល់​ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍ផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;