ស្លាប់និងឆ្លង Covid-19 នៅចិនធ្លាក់ចុះ តែបែរជាកើននៅកូរ៉េខាងត្បូង
- 2020-02-25 03:19:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់និងឆ្លង Covid-19 នៅចិនធ្លាក់ចុះ តែបែរជាកើននៅកូរ៉េខាងត្បូង
ចន្លោះមិនឃើញ
ចិនកាលពីថ្ងៃអង្គារទី ២៥ កុម្ភៈ បានរាយការណ៍ការស្លាប់ដោយជំងឺឬវីរុស Covid-19 ចំនួន ៧១នាក់ទៀត ដែលនេះជាចំនួនស្លាប់តិចបំផុតធៀបនឹងចំនួនស្លាប់ប្រចាំថ្ងៃក្នុងរយៈពេល ២សប្តាហ៍មកនេះ។ ចំនួនចុងក្រោយនេះធ្វើឲ្យអ្នកស្លាប់ដោយកូរ៉ូណាវីរុសនេះនៅចិនកើនដល់ ២ ៦៦៣នាក់។
គណៈកម្មាធិការសុខាភិបាលជាតិចិន ក៏បានរាយការណ៍ការឆ្លង ៥០៨ករណីថ្មី ដោយទាំងអស់លើកលែងតែ ៩នាក់ចេញ ស្ថិតក្នុងខេត្តហ៊ូប៉ី។ វាកើនបន្តិចពីចំនួនឆ្លង ៤០៩ករណីកាលពីថ្ងៃចន្ទ ទោះជាយ៉ាងណាចាត់ទុកថាទាបបើធៀបនឹងចំនួនឆ្លង ២ទៅ៣ពាន់នាក់ក្នុងមួយថ្ងៃនៅដំណាក់កាលមួយ។ ចំនួនអ្នកឆ្លងសរុបនៅចិនឥឡូវកើនឡើងដល់ ៧៧ ៦៥៨នាក់។
ទោះជាការឆ្លងរាលដាលជំងឺឆ្លងនេះនៅចិនហាក់ទ្រឹងនិងបង្ហាញនិន្នាការធ្លាក់ចុះ ក៏ Covid-19 កំពុងពង្រីកឥទ្ធិពលរបស់វានៅក្រៅទឹកដីចិន ដូចជានៅកូរ៉េខាងត្បូង អ៊ីរ៉ង់និងអ៊ីតាលី។ កូរ៉េខាងត្បូងបានរាយការណ៍អ្នកឆ្លង ៦០នាក់បន្ថែមកាលពីថ្ងៃអង្គារ។ កូរ៉េខាងត្បូងឥឡូវមានអ្នកឆ្លង ៨៩៣នាក់ ជាចំនួនឆ្លងក្នុងមួយប្រទេសច្រើនបំផុតនៅក្រៅប្រទេសចិន ។មនុស្សម្នាក់ទៀតបានស្លាប់ នាំឲ្យមនុស្សចំនួន៨នាក់ហើយស្លាប់នៅក្នុងប្រទេសនេះដោយ Covid-19៕