បច្ចុប្បន្ន កម្ពុជាមានផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទានជំនួយឥតសំណងចិនប៉ុន្មានហើយ?

  • 2020-02-26 07:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា​មក​ដល់​បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់​មិត្តចិន បាន​សាងសង់រួចរាល់មានចំនួន ២៧ខ្សែ មានប្រវែងសរុប ២ ៧៧៩ គីឡូម៉ែត្រ។ ការ​លើក​ឡើង​នេះ នៅ​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពី ខេត្ត បន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី ២៦ កុម្ភៈ នេះ។​

ផ្លូវជាតិលេខ៥៨ តភ្ជាប់ពី ជាហិរញ្ញប្បទាន និងជំនួយឥតសំណងរបស់​ចិន ដែលទើប​សម្ពោធដាក់ឱ្យប្រើប្រាស់នៅ​ថ្ងៃ​ទី ២៦ កុម្ភៈ នេះ
សម្ដេច​បន្ត​ថា ក្រៅពី​គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែល​បាន​សាងសង់​រួច​នេះ​ក៏​នៅ​មាន​គម្រោងកំពុងសាង​សង់​ចំនួន ៥ខ្សែ មានប្រវែង ប្រមាណ ៤៩៧,២០ គីឡូម៉ែត្រ។ ចំណែកស្ពានធំៗ ដែល​បាន​សាង​សង់​រួច​មានចំនួន ៨ស្ពាន មានប្រវែងសរុប ៧ ៤៣៤ ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពា​មិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និង​ស្ពាន​ឆ្លងកាត់ទន្លេ​បាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម។

សម្តេចក៏​បានមានប្រសាសន៍អំ​ពី​​ផ្លូវជាតិលេខ៥៨ ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើ​នេះ​នេះ​ថា​ដើរ​តួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធ​សាស្រ្ត​មួយ សម្រាប់​បម្រើឱ្យ​ការ​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផង ការពារ​អធិបតេយ្យ​ភាពជាតិផង និងជួយទ្រទ្រង់យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ ពីព្រោះផ្លូវនេះ​បាន​តភ្ជាប់ពីខេត្ត​បន្ទាយ​​មានជ័យ ទៅ​នឹង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ស្រប​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុង​ប៉ោយ​ប៉ែត ដែលជាទីក្រុងដ៏​មាន​សក្តានុពល​ និងជាច្រករបៀងសេដ្ឋកិច្ចភាគ​ខាងត្បូងដ៏សំខាន់។ ផ្លូវជាតិនេះ អាច​សម្រួលដល់ការ​ផ្លាស់ប្តូរ​ផលិតផល សកម្មភាព​ពាណិជ្ជ​កម្ម និងសុខាភិបាល រវា​ង​ប្រជា​ពលរដ្ឋថៃ និង​កម្ពុជា ហើយក៏អាច​សម្រួល​​ដល់​វិស័យ​​ទេសចរណ៍ពីប្រទេសថៃមក​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្តសៀមរាប ផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;