សម្តេច ស ខេង៖ ពេលខ្លះ បដិវត្តន៍ពណ៌ កើតចេញ​ពីផ្ទៃក្នុង​យើង

  • 2020-02-26 12:47:12
  • ចំនួនមតិ 8 | ចំនួនចែករំលែក 54

ចន្លោះមិនឃើញ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្ត​បាត់ដំបង បានថ្លែង​ថា គណៈបញ្ជាការ​គ្រប់ថ្នាក់​ត្រូវបង្កើន​ការគ្រប់គ្រង​សភាពការណ៍​តាមមូលដ្ឋាន និងដាក់ចេញនូវវិធានការ​ជាក់ស្តែង​នានា សំដៅ​ទប់ស្កាត់រាល់​សកម្មភាព​ដែលប៉ុនប៉ង​បង្កអសន្តិសុខ ភាពចលាចល​វឹកវរដល់​សង្គមតាមគ្រប់រូបភាព និងរួមគ្នា​ទប់ស្កាត់ប្រឆាំង​ដាច់ខាត​នូវចលនា​ឧទ្ទាមនូវ​សកម្មភាព​បដិវត្តន៍​ពណ៌។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក

ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេច​បានបន្តថា ត្រូវរួមគ្នាបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសកម្មភាព និងការផ្សព្វផ្សាយព័ត៍មានមិនពិត ការញុះញង់អុជអាលប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចលវឹកវរ អសន្តិសុខ ដោយត្រូវយកចិត្តទុកដាក់អប់រំ ណែនាំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យខិតខំគោរពច្បាប់ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សង្គម និងត្រូវចៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយនិងច្បាប់ ក៏ដូចជាសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាពនិងសណ្តាប់ធ្នាប់សាធារណៈ។

សម្តេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖

«អាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់ និងត្រូវចៀសវាងដាច់ខាតនៅអំពើហិង្សាគ្រប់រូបភាព។ ចំណុចនេះ ខ្ញុំធ្លាប់បានបញ្ជាក់ច្រើនហើយថា បដិវត្តន៍ពណ៌វាមានអ្នកដែលប៉ុនប៉ង ដើម្បីនឹងធ្វើកិច្ចការនេះ ហើយក៏បានជួបប្រទះរួចមកហើយ ក្រោយបោះឆ្នោតឆ្នាំ២០១៣ ប៉ុន្តែជួនពេលខ្លះ បដិវត្តន៍ពណ៌នេះ វាកើតចេញពីផ្ទៃក្នុងយើង ជួរយើង ដោយមិនដឹងខ្លួន ឬដោយអចេតនា តាមរយៈការមិនយកចិត្តទុកដាក់អើពើនៅសំណូមពរសំណើ និងកង្វល់របស់ប្រជាពលរដ្ឋ ហើយបង្កើតឡើងនូវភាពអសកម្មនានានៅតាមមូលដ្ឋាន ហើយប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នោះក៏ជាមូលហេតុនៃការកកើតនៃចលនាបដិវត្តន៍ពណ៌នោះដែរ។ ដូច្នេះការដែលយើងយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហានានា ទាក់ទងនិងសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺជាកត្តាគន្លឹះដ៏សំខាន់មួយក្នុងការរារាំងបង្ការ ទប់ស្កាត់នៅចលនាបដិវត្តន៍ពណ៌នោះឯង»៕

អត្ថបទ៖ សោភា

;