Ronaldo រក​លុយ​បាន​ពី​បាល់ទាត់ មិន​ច្រើន​ដូច​ប្រភព​ចំណូល​មួយ​នេះទេ!

  • 2020-03-04 01:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ចាកចេញ​ពី​ក្លឹប Real Madrid កីឡាករ​បាល់ទាត់​ល្បី Cristiano Ronaldo បាន​បន្ត​ដំណើរ​ថ្មី​របស់​ខ្លួន​ជាមួយ​នឹង​ក្រុម​អ៊ីតាលី Juventus។ ប្រាក់​ចំណូល​​​​បច្ចុប្បន្ន​របស់​ម្ចាស់​​ពាន Ballon d'Or ចំនួន​៥​លើក​រូប​នេះ មាន​ប្រមាណ ៣៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។ យ៉ាង​ណា​មិញ វា​មិន​មែន​ជា​​ប្រភព​ចំណូល​ធំ​បំផុត​របស់ Ronaldo នោះ​ឡើយ។ បើ​តាម​ពិត​ទៅ Ronaldo អាច​រក​ចំណូល​បាន​ពី​​ការ​​​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើន​ជាង​ការ​ចូលរួម​​​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​​វាល​ស្មៅ។

យោង​​តាម​ការ​ចុះ​ផ្សាយ​របស់ Buzz Bingo បាន​ឲ្យ​ដឹង​ថា គណនី Instagram របស់ Ronaldo អាច​រក​ចំណូល​ពី​ការ​​ជួយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ធំៗ​​បាន​​​ប្រហែល ៤៧,៨​លាន​ដុល្លារ​ក្នុង​១​​ឆ្នាំៗ។ ​នេះ​​​គឺ​​ជា​​ប្រាក់​ចំណូល​ដែល​បុគ្គល​នៅ​លើ Instagram រក​បាន​ច្រើន​​​ជាង​គេ​បំផុត។ បើ​និយាយ​ពី​មិត្ត​រួម​អាជីព​​របស់ Ronaldo វិញ​គឺ​កីឡាករ Lionel Messi ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​២ សម្រាប់​ការ​រក​ចំណូល​បាន​ច្រើន​​នៅ​លើ Instagram ក្នុង​ទំហំ​ទឹក​ប្រាក់ ២៣,៣​លាន​ដុល្លារ។ ដោយ​ឡែក​លេខ​​រៀង​ទី​៣​​បាន​ទៅ​លើ​តារា​ស្រី​សញ្ជាតិ​អាមេរិក Kendall Jenner ជា​មួយ​ទឹក​ប្រាក់ ១៦​លាន​ដុល្លារ។

នៅ​លើ​បណ្ដាញ​សង្គម​​ខាង​លើ Ronaldo មាន​​ចំនួន​អ្នក Follow ជាង ១៨៧​លាន​នាក់ ដែល​ជា​ហេតុ​ទាក់ទាញ​​​បណ្ដា​ក្រុមហ៊ុន​នានា​ឲ្យ​មក​រក​​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូ​ប​នេះជួយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ។ ការ​បង្ហោះ​សារ​មួយ​លើកៗ​​​លើ​គណនី Ronaldo មាន​តម្លៃ​ជា​មធ្យម ៩៧​ម៉ឺន​ដុល្លារ ឯ​ការ​បង្ហោះ​​សារ​របស់ Messi មាន​តម្លៃ​ប្រមាណ ៦៤​ម៉ឺន​ដុល្លារ និង Kendall Jenner គឺ ៦១​ម៉ឺន​ដុល្លារ៕

ប្រភព៖ Vanguard ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;