ផ្លូវកាត់ថ្មី​ពី​បាត់ដំបង ទៅ​កោះកុង ប្រវែង​ជិត ២០០​គីឡូម៉ែត្រ ត្រូវបាន​បើកការដ្ឋាន​សាងសង់

  • 2020-03-10 04:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ១០ ដែលជា​ផ្លូវកាត់ថ្មី​ពីខេត្ត​បាត់ដំបង ទៅ​កោះកុង កាល​ពីថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២០។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០ មានប្រវែងសរុប​ចំនួន ១៩៨,៧១​គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់​កោះកុង នឹងត្រូវសាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​កម្រិត៣ របស់សាធារណរដ្ឋប្រជាមានិត​ចិន មាន​ទទឹងតួ​ផ្លូវសរុប​ចំនួន​៩ម៉ែត្រ ជាប្រភេទ​ផ្លូវចាក់​បេតុង​កៅស៊ូ (AC) ព្រមទាំង​មាន​បំពាក់ផ្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោល​គីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​ផងដែរ។ គម្រោងនេះ មាន​ការសាងសង់​ស្ពាន​ចំនួន ៣៣​កន្លែង​ប្រវែងសរុប ២៣៦១ម៉ែត្រ ក្នុងនោះ មាន​ស្ពាន​អាតៃប្រវែង ៥១២ម៉ែត្រ និង​កម្ពស់​ដល់ ៧៥ម៉ែត្រ ដែល​ជាស្ពាន​ខ្ពស់​ជាងគេ​បំផុត​នៅកម្ពុជា។

​គម្រោងនេះ ចំណាយ​ថវិកា​សរុបប្រមាណ​ ១៨៨,៣៨លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​ពីរដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិត​ចិន រួមជាមួយ​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផល​ប៉ះពាល់ ការបោស​សម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្មស្ពានថ្នល់ចិន ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាងចូវ វ៉ានអាន និង​គម្រោង​ចំណាយពេល​សាងសង់​ចំនួន ៤៨​ខែ គិតចាប់​ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែ​ធ្នូ ឆ្នាំ​២០២៣៕

អត្ថបទ និងរូបថត៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;