សម្ដេច ស ខេង ក្រើនរំឭកសារជាថ្មីមិនឱ្យជួលដីស្រែនៅតាមបន្ទាត់ព្រំដែន

  • 2020-03-13 00:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ក្រើន​រម្លឹក​សារ​ជា​ថ្មី​ដល់​​អភិបាលខេត្ត​ទាំង​អស់​ដែល​ជាប់​ព្រំ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង​ដោយ​ណែនាំ​ប្រជាពលរដ្ឋ​កុំជួល​ដី​ស្រែ​របស់​ខ្លួន​ឲ្យ​ទៅ​កសិករ​ប្រទេស​ជិតខាង។ ការលើកឡើង​នេះ នៅ​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន កាលពីថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា ករណីគេសុំជួលដីដើម្បីបង្ក បង្កើន​ផល​នៅ​តាម​ព្រំដែន គឺកុំឱ្យមានឱ្យសោះ ពីព្រោះការធ្វើស្រែបន្តិចបន្តួចនៅតាមព្រំដែន វា​នឹង​នាំ​ឲ្យ​មាន​ការ​ស្មុគស្មាញ​ទៅ​ថ្ងៃក្រោយ ហើយប្រជាជនណា ដែលជួលដីស្រែឱ្យទៅប្រទេសជិតខាង គឺ​ខុស​ច្បាប់ កា​ធ្វើ​បែបនេះ ក្នុងន័យដើម្បីការពារបូរណភាព អធិបតេយ្យទឹកដីរបស់យើង។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរមួយ ដើម្បី​ហាម​ប្រជាពលរដ្ឋ​ខ្មែរ កុំឲ្យលក់ឬជួល ដីស្រែ ដីចំការ ឬ​ដី​លំ​នៅ​ឋាន​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​ទៅ​ប្រជា​ពលរដ្ឋ​នៃ​ប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម ឡាវ និងថៃ ជាដើម។ នៅ​ក្នុង​សារាចរ​នោះ​ក៏​បាន​បញ្ជាក់​ថា ក្នុងករណីមានការជួលហើយ តែពុំមានឯកសារគតិយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ អភិ​បាល​ខេត្ត​ត្រូវបញ្ឈប់លែងឲ្យមានការជួលតទៅទៀត។ ប៉ុន្តែក្នុងករណីជួលរួចហើយ មាន​ឯកសារ​គតិយុត្ត​ត្រឹមត្រូវការជួលដីនោះអាចបន្តរហូតដល់អស់សុពលភាព ហើយបន្ទាប់ពីអស់សុពលភាព ហាម​មិន​ឲ្យជួលដីនោះបន្តឲ្យ ប្រជាពលរដ្ឋ ប្រទេសជិតខាងទៀតឡើយ។

សម្ដេចក្រឡាហោម ស ខេង ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ទប់​ស្កាត់​ដោយ​ជោគជ័យ​នូវ​ផែនការ​ប៉ុន​ប៉ងធ្វើបដិវត្តន៍ផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពី​សំណាក់​ក្រុមឧទ្ទាមមួយក្ដាប់តូចកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ធ្វើឱ្យគ្រប់វិស័យមានស្ថេរភាព ធានាបាន​នូវកំណើនសេដ្ឋកិច្ច កាត់បន្ថយាពក្រីក្រ និង​ធ្វើ​ឱ្យ​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​រដ្ឋ​បាលសាធារណៈ បានប្រព្រឹត្តទៅដោយលូន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត និងមានឱកាសទទួលផលពីកំណើនសេដ្ឋកិច្ច៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;