កន្ទាយ​ក្បាលកង្កែប​ជិត ២៩០ក្បាល ត្រូវបាន​លែង​ចូល​ក្នុង​ទន្លេ​មេគង្គ

  • 2020-03-18 08:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​សប្តាហ៍​កន្លង​ទៅ ក្រុមអ្នក​អភិរក្ស​មកពី​រដ្ឋបាល​ជលផល អង្គការ WCS សមាជិក​សហគមន៍​នេសាទ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ បានចូលរួម​លែង​កូនកន្ធាយ​ក្បាលកង្កែប ឬល្មិច ចំនួន ២៨៨​ក្បាល ចូលទៅក្នុងទី​ជម្រក​ធម្មជាតិ​របស់វា​វិញ​តាម​ដងទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ។

កូនកន្ធាយ​ក្បាល​កង្កែប​ទាំងនោះ​មាន​អាយុ​ចន្លោះពី ២សប្តាហ៍ ដល់ ១ខែ និងត្រូវបាន​ក្រុមការងារ​ការពារ​សំបុកនៃអង្គការ WCS ប្រចាំនៅ​ខេត្តក្រចេះ យាមការពារ​ និងមើលថែ​ទាំ​ចាប់តាំង​ពីវាញាស់​ចេញពី​សំបុក។

ការលែងកូន​កន្ធាយ​ទាំងនោះ គឺមានសារៈសំខាន់​ជួយដល់​ការរស់រៀន​បន្តរបស់​សត្វប្រភេទ​នេះ និងសារៈសំខាន់មួយផ្នែកទៀតគឺបានផ្សព្វផ្សាយដល់សិស្សានុសិស្សនៅក្នុងតំបន់នោះឱ្យបានយល់ដឹងកាន់តែច្រើនឡើងអំពីការអភិរក្សប្រភេទកន្ធាយក្បាលកង្កែបនេះ។

កន្ធាយក្បាលកង្កែប ឬល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជជាសាកល។ គេគិតថា ប្រភេទកន្ធាយក្បាលកង្កែបនេះ បានផុតពូជហើយនៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា ក៏ប៉ុន្តែ បែជាគេបានរកឃើញវត្តមានរបស់វាសាជាថ្មីឡើងវិញនៅក្នុងឆ្នាំ ២០០៧ នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។

គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS នៅតាមដងទន្លេមេគង្គ ទទួលបានការគាំទ្រពី សហភាពអឺរ៉ុប សួនសត្វស៊ីងហ្គាពួរ WRS និង Margaret A. Cargill Philanthropies៕

អត្ថបទ និងរូបថត៖ អង្គការ WCS

អត្ថបទថ្មី
;