អនុក្រឹត្យថ្មី! បើកឡាន​បែបនេះ នឹង​ធ្វើឱ្យអ្នក​អស់លុយ​ពី ១៥ម៉ឺន ទៅ ៣០​ម៉ឺនរៀល ដោយ​មិន​ដឹងខ្លួន

  • 2020-03-19 07:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​អនុក្រឹត្យថ្មី​ចុះហត្ថលេខា​ដោយ​សម្តេច​ ហ៊ុន សែន កាលពី​ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០២០ មាត្រា ៧​ថ្មី បង្ហាញ​ថា អ្នក​បើកយានយន្តធុនស្រាល នឹងត្រូវពិន័យជាទឹកប្រាក់​ចំនួន ១៥ម៉ឺនរៀល និង​ ៣០ម៉ឺនរៀល សម្រាប់​អ្នក​បើកបរយានយន្តធុនធ្ងន់ ក្នុងករណី​ប្រព្រឹត្ត​អំពើល្មើសដូចខាងក្រោម៖

១. បើកបរបង្ហោះ រេចុះឡើង ឆាបឬគៀរ។

២. បើកបរ​បញ្ចេញ​សំឡេង​ម៉ាស៊ីនខ្លាំង ឬផ្សែងច្រើន ខុសពី​បទដ្ឋាន​បច្ចេកទេស។

៣. បើកបរយានយន្ត​ផ្ទាល់ខ្លួន​ដោយគ្មានលិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម ឬប្រើ​លិខិត​ធ្វើអាជីវកម្ម​ហួស​សុពលភាព។

៤. បើកបរ​មិនគោរព​លក្ខខណ្ឌសុខភាព ដែល​តម្រូវ​ឱ្យពាក់​វ៉ែនតា។

៥. បើកបរ​ខុសទិស​ចរាចរណ៍ ឬ​បើកបរ​ជាន់គំនូស​បង្ហូត​កណ្តាល​ទ្រូងផ្លូវ។

៦. បើក​បរលើសល្បឿន​កំណត់​ចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រ​ក្នុងមួយម៉ោង។

៧. បើកបរ​ល្មើសនឹង​ការជៀស ការបត់ និង​ការជែង។

៨. បើកបរល្មើស​នឹង​សិទ្ធិអាទិភាព​ផ្លូវប្រសព្វ។

៩. ប្រើ​ភ្លើងហ្វាកូត ឬភ្លើង​សញ្ញាប្តូរទិស​នៃយាន​មិនត្រឹមត្រូវ ត្រូវកែច្នៃភ្លើង​ខុស​បទដ្ឋាន​បច្ចេកទេស។

១០. បើកបរ​ដោយគ្មាន ឬមិនដំណើរការ​ភ្លើងហ្វាកូត ភ្លើង​សញ្ញាប្តូរទិស ភ្លើងហ្វ្រាំង ភ្លើងទីតាំងខាងមុខ​រថយន្ត និង​ភ្លើង​ក្រហម​ខាងក្រោយរថយន្ត។

១១. បើកបរ​មិនគោរពភ្លើង​សញ្ញាចរាចរណ៍ពណ៌ក្រហម ឬក្រហមភ្លឹបភ្លែតៗ។

១២. បើកបរ​មិនគោរពផ្លាកសញ្ញាហាមឃាត់ ឬផ្លាកសញ្ញាបញ្ជា ឬផ្លាកសញ្ញាសិទ្ធិអាទិភាព ឬគំនូស​សញ្ញា​សម្រាប់​ថ្មើរជើង​ឆ្លងកាត់។

១៣. បើកបរ​ប្រើប្រាស់​សំបកកង់សឹកលើសកម្រិត​កំណត់ ឬរហែក ឬប្រេះ ឬប៉ោង។

១៤. បើកបរ​មិន​គោរព​សញ្ញាបញ្ជាចរាចរណ៍​របស់​មន្រ្តី​នគរបាលចរាចរណ៍។

១៥. បើកបរផ្ទុកទំនិញល្មើស​នឹង​ចំណុចទី១ ទី២ ទី៣ ទី៤ ទី៥ មាត្រា៥៦ នៃច្បាប់​ស្តីពីចរាចរណ៍​ផ្លូវគោក។

១៦. បើកបរ​រថយន្ត​ធុនធ្ងន់​ដែលគ្មាន​រនាំង​សុវត្ថិភាព ឬមាន​រនាំង​សុវត្ថិភាព​មិនត្រឹមត្រូវ​តាមតួរថយន្ត​ខាងក្រោម ឬគ្មាន​គន្លឹះ​សុវត្ថិភាពសម្រាប់​ភ្ជាប់កុងតៃន័រ ឬមាន​គន្លឹះ​សុវត្ថិភាពសម្រាប់​ភ្ជាប់​កុងតៃន័រ​មិនគ្រប់​គ្រាន់ ឬ​គន្លឹះ​សុវត្ថិភាព​សម្រាប់​ភ្ជាប់​កុងតៃន័រ​មិនដំណើរការ៕

ដកស្រង់​ចេញពីអនុក្រឹត្យ ស្តីពី ការកែសម្រួល​អនុក្រឹត្យ​លេខ៤៤ អនក្រ.បក ចុះ​ថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពីការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

អត្ថបទថ្មី
;