សម្តេច ទៀ បាញ់៖ កម្ពុជា ជាប្រទេសតែមួយគត់ដែលចិន​ធ្វើសមយុទ្ធជាមួយ ក្នុងអំឡុង​កូវីដ១៩

  • 2020-03-31 00:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជាបានមានប្រសាសន៍ថា សមយុទ្ធនាគមាស២០២០នេះ គឺជាការសមយុទ្ធហ្វឹកហ្វឺនរួមគ្នាតែមួយគត់ ដែលកងទ័ពចិនបានរៀបចំឡើងជាមួយកងទ័ពបរទេសក្នុងអំឡុងពេល ដែលប្រទេសយើងកំពុងប្រឈមមុខនឹងជំងឺកូវីត១៩ ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​បិទ​លំហាត់​សមយុទ្ធ​នាគមាស​ឆ្នាំ​២០២០ រវាង​កងទ័ព​កម្ពុជា និង​កងទ័ពរំដោះប្រជាជនចិន នៅស្រុកជុំគិរី ខេត្តកំពត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២០។

សម្តេចបន្តថា៖ «នាពេលនោះយើងក៏មានក្តីបារម្ភដោយខ្លាចជម្ងឺកូវីត១៩ នេះអាចនឹងប៉ះពាល់ដល់ប្រសិទ្ធិភាពនៃការរៀបចំសមយុទ្ធលើកនេះ ។ ការពិតបានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាកំពុងប្រឈមនឹងការរំខានពីវីរុសកូវីតយ៉ាងណាក៏ដោយ ក៏ក្រុមដឹកនាំសមយុទ្ធនៃភាគីទាំងសងខាង ខិតខំពុះពារការលំបាក ធ្វើការរៀបចំមេរៀនហ្វឹកហ្វឺន សមស្របតាមលក្ខណៈវិទ្យាសាស្ត្រ រហូតដល់សម្រេចគោលដៅទាំងពីរ រួមទាំងលំហាត់ហ្វឹកហ្វឺនសម្រាប់កងទ័ព និងការពារទប់ស្កាត់វីរុសកូវីត១៩ បានយ៉ាងល្អប្រសើរផង ដោយមិនមានបញ្ហាកើតឡើងទាំងអស់»។

សូមជម្រាប​ថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្មនិងការងារមនុស្សធម៌» ចាប់តាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីរបស់កងពលតូចលេខ៧០។

លោក Wang Wen Tian បានថ្លែងថា លំហាត់សមយុទ្ធនាគមាស២០២០ គឺជាលំហាត់មួយដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុកនៅនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្រ្តយោធានៃកិច្ចប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងកងប្រដាប់អាវុធទាំងពីរ ដោយសារការរៀបចំសមយុទ្ធនេះ ស្របពេលដែលបណ្តាប្រទេសទាំងអស់នៅលើពិភពលោក និយាយជារួម និយាយដោយឡែក ប្រទេសកម្ពុជា-ចិនបាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយការរីករាលដាលជម្ងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែ ទោះជាមានការលំបាកយ៉ាងណាក៏ដោយ ក៏កងទ័ពប្រទេសទាំងពីរជម្នះគ្រប់ឧបសគ្គ បានរួមចិត្តតែមួយ កៀកស្មារគ្នា និង ធ្វើការជាមួយគ្នាគ្រប់ការលំបាករៀបចំសមយុទ្ធនេះសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។

លោក​បន្ថែមថា ជោគជ័យទាំងអស់នេះ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពប្រទេសទាំងពីរ ក្នុងស្មារតីស្ម័គ្រចិត្តរួមគ្នា បន្តអនុវត្តតាមទស្សនៈរួមដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពគ្នាពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមក កាន់តែសុីជម្រៅលើកិច្ចសហប្រតិបត្តិការវិស័យយោធាឱ្យទទួលបានសមិទ្ធិផលថ្មីៗបន្ថែម រួមចំនែកជាដៃគូរក្នុងការកសាងសហគមន៍ដែលមានវាសនារួមគ្នា តាមរយៈការជម្រុញផ្សារភា្ជប់រវាងគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់ និង ផ្លូវ" រួមនឹង "យុទ្ឋសាស្រ្តចតុកោណ" និងថែរក្សាការពារ សន្តិភាព ស្ថិរភាពនៅក្នុងតំបន់។

សូមបញ្ជាក់​ថា សម្រាប់នាយទាហាន ពលទាហានចូលរួមសមយុទ្ធនៃភាគីទាំងពីរ កម្ពុជា-ចិនបានរៀបចំហ្វឹកហាត់ជាក្រុមរួមគ្នា ធ្វើការរៀនសូត្រ និងដកពិសោធន៍ពីគ្នាទៅវិញទៅមក រួមគ្នាលើកកម្ពស់សមត្ថភាព ធ្វើការហ្វឹកហាត់បញ្ជាពីទីបញ្ជាការ បញ្ជាប្រតិបត្តិការប្រឆាំងភេរវកម្ម ព្រមទាំងរៀបចំការងារមនុស្សធម៌នានាប្រកបដោយជោគជ័យ ។ ក្រោយពីការហ្វឹកហាត់ ភាគីទាំងពីរបានរៀបចំបរិច្ចាកនូវសម្ភារៈពេទ្យ សម្ភារៈសិក្សា សម្ភារៈកីឡាជូនដល់អាជ្ញាធ័រ មន្ទីរពេទ្យ និងសាលារៀននៅក្នុងតំបន់ជាដើម ។

សូមជម្រាបថា កងពលតូចលេខ៧០ មានយុទ្ធជនចូលរួមហ្វឹកហាត់ គឺកងរថពាសដែក ដែលមានទ័ពថ្មេីរជេីងមកពីវរសេនាតូចទ័ពពិសេស និងគ.គាំទ្របាញ់កាំភ្លើងត្បាល់ និងរៀបចំទីលានសម្រាប់បម្រើការក្នុងសមយុទ្ធនាគមាស២០២០៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;