សល់២ឆ្នាំទៀត! ផ្លូវជាតិ​លេខ៣ ដែល​ពង្រីក​ដល់ ៤គន្លង នឹង​សង់រួចរាល់ហើយ

  • 2020-04-01 01:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ ឥឡូវនេះ ការ​សាងសង់ពង្រីក​ផ្លូវជាតិ​លេខ៣ បាន​សម្រេច ៦៧ភាគរយ​ហើយ ដោយ​តាមផែនការ​គ្រោងទុក នឹងបញ្ចប់​នៅក្នុងឆ្នាំ​២០២២។ នេះបើតាមការ​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
សូម​ជម្រាប​ថា ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ (ចោមចៅ) ទៅក្រុង​កំពត ប្រវែងជាង ១៣៤​គីឡូម៉ែត្រ នឹង​ត្រូវ​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤៨​ខែ។ គម្រោង​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ២១៩​លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពីរដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។

គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់ផ្លូវ​ជាតិ​លេខ៣ គឺ​ចាប់ពី​រាជធានី​ភ្នំពេញ (ចោមចៅ) ដល់ក្រុង​កំពត ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង ១២​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ១១​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ ប្រវែង ៣០​គីឡូម៉ែត្រ ខេត្ត​តាកែវ ប្រវែង ៣០​គីឡូម៉ែត្រ និង​ខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

ការ​ពង្រីក​ផ្លូវនេះ​គឺ​ត្រូវបាន​បែងចែក​ជា ២កំណាត់ គឺពី​ចោមចៅ-បែកគូស និង​បែកគូស-ក្រុង​កំពត។ ផ្លូវពី​ចោមចៅ ទៅ​បែកគូស ​ក្នុង​ខេត្តតាកែវ ប្រវែង​ ៦៤,៩០គីឡូម៉ែត្រ នឹងត្រូវ​ពង្រីក ២គន្លង​ទៅ ៤គន្លង (២ទៅ ២មក) និង​មាន​សួន​កណ្តាល។ ចំណែក​កំណាត់​ផ្លូវពី​បែកគូស ទៅក្រុង​កំពត ប្រវែង​ជាង ៦៤គីឡូម៉ែត្រ​ នឹង​ត្រូវ​ពង្រីក​តួផ្លូវ​ដល់ ១២​ម៉ែត្រ ដោយមាន ២គន្លង​ផ្លូវ​ដដែល (១ទៅ ១មក)៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;