សម្តេច ហ៊ុន សែន៖ កម្ពុជា ត្រៀម​រោងចក្រផលិតម៉ាស និង​អាល់កុល​រួចស្រេច និង​មិនឱ្យ​ស្លាប់គរជើងគ្នា​ដូចប្រទេស​ដទៃឡើយ

  • 2020-04-03 00:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ជម្រាប​ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ​បានជ្រាប​ថា មកទល់ពេលនេះ​កម្ពុជាបាន​ត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹង​បង្កើន​សមត្ថភាព​ផលិត​ឱ្យ​បានច្រើនថែមទៀត។

រាជរដ្ឋាភិបាល​ក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះកម្ពុជាត្រូវការលើសពីនោះ។ ជាមួយគ្នានេះដែរ សម្ភារៈ​ពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយ​សម្ភារៈ​មួយចំនួនទៀត​ដែល​ផលិតមិនបាន គឺនឹងនាំមកពីក្រៅប្រទេស។ សម្ភារៈពេទ្យ​មួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏កម្ពុជាត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសម្ភារៈ និងបរិក្ខារពេទ្យ​មួយចំនួន​សម្រាប់ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រទេស​តែម្តង។

ក្រៅពីត្រៀម​បម្រុង​សម្ភារៈ​បរិក្ខារពេទ្យរួចរាល់​ហើយ គឺ​កម្ពុជាបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ច្បាស់​ជូនបងប្អូន​ប្រជាពលរដ្ឋកុំឱ្យ​មានការតក់ស្លុតអោយសោះ កម្ពុជាមិនឱ្យ​មានសភាពស្លាប់​គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ សម្តេច​បានអំពាវនាវឱ្យ​បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សា​អនាម័យ​ ឱ្យ​បានខ្ជាប់​ខ្ជួនតាម​ការណែនាំ​របស់ក្រសួងសុខាភិបាល​ឱ្យ​បានត្រឹមត្រូវ និងសហការ​ជាមួយ​មន្ទីរពេទ្យ​ប្រសិនបើមាន​ការសង្ស័យ​នៃជំងឺ​ឆ្លងកូវីដ​១៩៕

អត្ថបទ៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;