កម្ពុជា ទទួលបានមូលនិធិចិន សម្រាប់ប្រឆាំងកូវីដ១៩

  • 2020-04-03 04:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ បាន​ប្រគល់ជំនួយ​ឧបត្ថម្ភ​ក្រោម​លក្ខខណ្ឌ​អង្គការ​សង្គម​ស៊ីវិល សម្រាប់ការពារសុខភាពប្រឆាំងនឹងជំងឺកូវីដ ១៩ (Covid-19) ក្រោម​អធិបតីភាព​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកវ៉ង វិនធាន ឯក​អគ្គរដ្ឋ​ទូត​ចិនប្រចាំកម្ពុជា។ ​ការប្រគល់ជំនួយ​នេះ​ធ្វើ​ឡើង នៅ​ថ្ងៃទី៣ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ប្រាក់ សុខុន បានថ្លែងថា បរិក្ខា​ពេទ្យ​ដែល​ជា​អំណោយរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ រួមមាន ម៉ាស់ អាវការពារខ្លួន និងថ្នាំបុរាណចិន ដែលមានតម្លៃ ១លាន ១សែន ៣ម៉ឺនយ័ន្ត មានសារៈសំខាន់ខ្លាំងចំពោះកម្ពុជា ខណៈ​ពេល​ដែល​យើង​កំពុង​ត្រូវការ​សម្ភារៈ​បរិក្ខា​ពេទ្យ​ទាំង​នោះ ដើម្បីប្រយុទ្ធប្រយុទ្ធនឹងការរីករាលដាល នៃជំងឺកូវីដ ១៩។ កាយ​វិការ​ដ៏​សម្បុ​រស​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាងច្បាស់ពីចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ។

ក្នុងជំនួបជាមួយ លោកវ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏​បាន​រម្លឹក​ពី​ការ​បង្ហាញ​កាយ​វិការ​ជា​ការ​គាំទ្រ និងជាសាមគ្គីភាពដែលសម្តេច ហ៊ុន សែន បាន​បង្ហាញ​នៅ​ក្នុង​ការ​អញ្ជើញ​ទៅ​បំពេញ​ទៅ​ទស្សនកិច្ច​ការងារ​នៅទីក្រុងប៉េកាំង ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​ប្រយុទ្ធ​យ៉ាង​ពេញ​ទំហឹង​ប្រឆាំង​នឹង​ជំងឺកូវីដ ១៩ ដែលនេះបង្ហាញពីការគាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​ថ្នាក់​ដឹកនាំ​កម្ពុជា​ជូន​ចំពោះថ្នាក់ដឹកនាំក៏ដូចជាជូនចំពោះប្រជាជនចិនទាំងមូលផងដែរ។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា “ក្នុងអំឡុងពេលនៃការផ្ទុះឡើង នៃជំងឺដ៏សាហាវនេះ នៅ​ប្រទេស​កម្ពុជា​ក៏បានទទួលជំនួយជាច្រើនផងដែរពីរដ្ឋាភិបាលចិន ក្រុម​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​ចំនួន ៧រូប ត្រូវបានបញ្ជូនពីតំបន់ស្វយ័តក្វាងស៊ី មកដល់ទទីក្រុងភ្នំពេញកាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅនេះ រួមជាមួយនិងសម្ភារៈបរិក្ខាសម្រាប់ការពារនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដែលមានតម្លៃជាង ៣លានយ័ន្ត។ កាលពីថ្ងៃទី០១ ខែមេសា កងទ័ពរំដោះប្រជាជនចិន ក៏​បាន​បញ្ជូនបរិក្ខាពេទ្យទម្ងន់ជាងពីរតោនមកជូនកម្ពុជាសម្រាប់ការពារប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ​ដែរ។ ក្រុមហ៊ុន​ចិនមួយចំនួនក៏បានចូលរួមផ្តល់បរិក្ខាការពារដល់់ប្រជាជនយើងផងដែរ។

ប្រមុខការទូតកម្ពុជា ក៏​បាន​ទទួល​ព័ត៍មានថា អង្គការសង្គ្រោះមេឃពណ៌ខៀវ ត្រៀម​បញ្ជូន​ក្រុម​គ្រូពេទ្យស័្មគ្រ​ចំនួន ១៣រូប ដែលមានបទិសោធន៍យ៉ាងជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅចិន រួមជាមួយបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺតម្លៃ ១លានយ័ន្តថែមទៀត ដែល​គ្រោង​ធ្វើ​ដំណើរ​តាមរថយន្តពីខេត្តយូណានចូលមកកម្ពុជាតាមច្រកខេត្តស្ទឹងត្រែង ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយកម្ពុជាកំចាត់ជំងឺកូវីដ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ”។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា នៅ​ពេល​នេះ​ចិន​ក៏​បាន​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ ក្នុង​ការប្រយុទ្ធប្រឆាំងក្នុងការឆ្លងរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកផងងដែរ ដែល​បាន​ផ្តល់​ជំនួយដល់ប្រទេសជាង ៨០។ ប្រទេស​ចិន​ច្បាស់​ជាងើប​ឡើង​វិញ​យ៉ាង​រឹងមាំ​ខ្លាំង​ក្លា​ចេញ​ពី​វិបត្តិ​នៃ​ជំងឺរាតត្បាតនេះ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ក្លា​ដល់​ជីវភាព​រស់​នៅ​និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​ជុំ​វិញពិភពលោក៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;