កម្ពុជាសម្រេចសមិទ្ធផលអ្វីខ្លះនៅឆ្នាំ២០១៩កន្លងទៅ?

  • 2020-04-09 06:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស២០២០ ខិតជិតមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដឹងទេថាឆ្នាំចាស់ ឆ្នាំ២០១៩កន្លងទៅថាតើប្រទេសកម្ពុជាសម្រេចបានសមិទ្ធិផលធំៗអ្វីខ្លះ។

ខាងក្រោមនេះជាសមិទ្ធិផលធំៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានកាលពីឆ្នាំ ២០១៩ កន្លងទៅ៖

- សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១ភាគរយ កំណើននេះឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម (ទេសចរណ៍ និងអចលនទ្រព្យ)។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៤ ៥៩៦លានដុល្លារ និងការនាំចេញមានប្រមាណជាង ១៤ ៩១៥ លានដុល្លារ។

ទិដ្ឋភាពរាជធានីភ្នំពេញមើលពីអគារជាន់ទី៣៩នៅមុខផ្សារទំនើប AEON-1 កាលពីចុងឆ្នាំ២០១៩
**- កម្រិតជីវភាពរបស់ប្រជាជនជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១ ៥៤៨ ដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១ ៦៩៧ ដុល្លារក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០ភាគរយក្នុងឆ្នាំ២០១៩។ អត្រាគ្មានការងារធ្វើមានប្រមាណ ០,៣ ភាគរយ។**

- ប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធកម្រិតទាបបំផុតកើនដល់ ១,១លានរៀល ហើយបើកទាន់ពេលវេលា បើក ២ដង ក្នុងមួយខែ តាមប្រព័ន្ធធនាគារ។

- វិស័យហេដ្ឋារចនាសម័ន្ធ៖ ដាក់ដំណើរការមានជាអាទិ៍ ផ្លូវជាតិលេខ៧ មានប្រវែង ៩៣,៧០គ.ម, ផ្លួវជាតិលេខ១៣ មានប្រវែង ៦២,៤០គ.ម, ផ្លូវជាតិលេខ ៥៣ និងផ្លូវខេត្តលេខ១៥១B ប្រវែង៧០,៦០គ.ម, ផ្លូវជាតិលេខ៥៨ ប្រវែង ១៧៤,១៦គ.ម និងផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គ.ម។ បើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពី ភ្នំពេញ ទៅ ក្រុងព្រះសីហនុ មានប្រវែង ១៩០,០១គម, ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែង ៧២,១៧គ.ម, ផ្លូវជាតិលេខ១០ ប្រវែង១៩៨,៧២គ.ម។

បណ្តាញអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ

- វិស័យថាមពលអគ្គិសនី៖ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គីសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្មដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជាសម្រេចបានជាង ១០ ៦២០ លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំ២០១៨ ដែលមានជាង ៩ ៦៦០លានគីឡូវ៉ាត់ម៉ោង កើនឡើង ៩,៩៣ភាគរយ។ តភ្ជាប់ខ្សែបណ្តាញចរន្តឲ្យប្រជាពលរដ្ឋសុទ្ធសាធបាន ២,៦៨លានខ្នងផ្ទះ ត្រូវជាប្រមាណ ៧៤,៧៨ ភាគរយ នៃចំនួនផ្ទះសរុប ៣,៥៧លាន ខ្នងផ្ទះនៅទូទាំងប្រទេស។

- វិស័យកសិកម្ម៖ បរិមាណផលិតស្រូវវស្សា និងស្រូវប្រាំងសម្រេចបានជាង ១០,៨៨លានតោន គឺប្រហាក់ប្រហែលឆ្នាំ២០១៨។ អតិរេកស្រូវជាង ៥,៧៦លានតោន គិតជាអង្ករស្មើនឹង ៣,៦៩លានតោន សម្រាប់បម្រើឲ្យការនាំចេញ។ ការនាំចេញអង្គរទៅទីផ្សារបរទេសបានជាង ៦២ម៉ឺនតោន ទៅ៥៩ប្រទេស។

សកម្មភាពផលិតកម្មក្នុងសហគ្រាផលិតនំមួយនៅរាជធានីភ្នំពេញ

- វិស័យឧស្សាហកម្ម និងសិប្បកម្ម៖ មានរោងចក្រសរុបមានចំនួនជាង ១៧០០រោងចក្រ ភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធុនតូច និងមធ្យម និងសិប្បកម្មជាង ៥២ពាន់មូលដ្ឋាន ដែលមានកម្លាំងពលកម្មសរុបប្រមាណជិត ២លាននាក់។ កម្មករ និយោជិក ផ្នែកវាយនភណ្ឌសម្លៀកបំពាក់ និងស្បែកជើង ទទួលបានប្រាក់ឈ្មួលអប្បបរមា ១៩០ដុល្លារ ដោយមិនគិតប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។

- វិស័យសំណង់៖ អគារខ្ពស់ៗចាប់ពី ៥ នៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តមួយចំនួន មានប្រមាណជាង ១៧០០អគារ។

ភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនាប្រាសាទអង្គរវត្តកាលពីដើមឆ្នាំ២០១៩

- វិស័យទេសចរណ៍៖ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាមានប្រមាណ ៦,៦១លាននាក់ កើនឡើងប្រមាណ ៦,៦០ភាគរយ និងភ្ញៀវទេសចរជាតិមានចំនួន ១១,៣០លាននាក់ កើនឡើង ២,៣០ភាគរយធៀបនឹងឆ្នាំ២០១៨ និងបង្កើតការងារដោយផ្ទាល់ដល់ប្រជាជនកម្ពុជាមានប្រមាណជាង ៦៣ម៉ឺននាក់។ ចំណូលពីវិស័យទេសចរណ៍បានប្រមាណ ៤ ៩១៩លានដុល្លារ កើន១២,៤០ភាគរយ ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង ៩៩លានដុល្លារ មានភ្ញៀវទេសចរបរទេសចូលទស្សនាប្រមាណជាង ២,២លាននាក់។

- ការងារការបរទេស៖ បំពេញបេសកកម្មទូតនៅលើឆាកអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យដែលទទួលបានលទ្ធផលរួមមាន៖ វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅទីក្រុងប៉េកាំង, សន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ, និងចូលរួមព្រឹត្តិការណ៍ធំៗផ្សេងជាច្រើនផ្សេងទៀត។ នៅឆ្នាំ២០២០នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀចចំកិច្ចប្រជុំកំពួលអាស៊ី-អឺរ៉ុបលើកទី១៣ផងដែរ។ គិតចាប់តាំងពីឆ្នាំ២០០៦ ដល់២០១៩ កម្ពុជាបានបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិសរុប ៦ ៥៥៧នាក់។

***សមិទ្ធិផលធំៗខាងលើនេះយោងតាមសាលិខិតរបស់សម្តេចតេជា ហ៊ុន សែន ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ដែលចេញកាលពីថ្ងៃ ១ មេសា ឆ្នាំ២០២០៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;