Adylkuzz មេរោគលើអ៊ីនធឺណិត ដែលលួចលុយអ្នកប្រើប្រាស់មិនឲ្យដឹងខ្លួន
- 2017-05-18 09:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Adylkuzz មេរោគលើអ៊ីនធឺណិត ដែលលួចលុយអ្នកប្រើប្រាស់មិនឲ្យដឹងខ្លួន
ចន្លោះមិនឃើញ
អ្នកជំនាញនៃក្រុមហ៊ុនសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ឈ្មោះ Proofpoint ដែលមានប្រភពនៅរដ្ឋ Califonia សហរដ្ឋអាមេរិក បានលាតត្រដាងថ្មីៗនេះថា ខ្លួនបានរកឃើញមេរោគមួយប្រភេទទៀត ឈ្មោះ Adylkuzz ដែលវាបានឆ្លងចូលកុំព្យូទ័រ ហើយអាចលួចលុយសម្រាប់ក្រុម Hackers ដែលបានបង្កើតវាឡើង។
ស្ថិតិដំបូងបានប៉ាន់ស្មានថា ការវាយប្រហាររបស់មេរោគ Adylkuzz អាចនឹងកំពុងកើតលើកុំព្យូទ័ររាប់ពាន់គ្រឿងនៅជុំវិញពិភពលោក ហើយវាកំពុងត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដែលអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរជាងមេរោគ WannaCry ដែលបានបង្កឡើងនៅទូទៅសកលលោក កាលពីសប្ដាហ៍មុនទៅទៀត។
ក្រុមហ៊ុន Proofpoint បានឲ្យដឹងថា មេរោគខាងលើអាចលួចលុយចេញពីកុំព្យូទ័រមួយគ្រឿងក្នុងចំនួនត្រឹមតែប៉ុន្មានដុល្លារប៉ុណ្ណោះក្នុង១សប្ដាហ៍ ប៉ុន្តែបើសរុបជាបណ្ដាញអ៊ីនធឺណិតទូទាំងពិភពលោក វាអាចទាញយកក្នុងចំនួនដ៏ច្រើនសម្រាប់ក្រុម Hackers។
Proofpoint បន្តថា រោគសញ្ញានៃការវាយប្រហារ Adylkuzz មានដូចជា ការរារាំងមិនឲ្យចូលទៅកាន់ឯកសារចែករំលែករវាងកុំព្យូទ័រ និងកុំព្យូទ័រ ព្រមទាំងការចុះខ្សោយនៃប្រព័ន្ធដំណើរការកុំព្យូទ័រ និងសេវាអ៊ីនធឺណិត។
លក្ខណៈខុសគ្នារវាង Adylkuzz ជាមួយ WannaCry គឺត្រង់ថា Adylkuzz ជាប្រភេទមេរោគលួចលុយតាមអ៊ីនធឺណិត ចំណែក WannaCry ជាប្រភេទមេរោគ "Ramsomware” ដែលតម្រូវឲ្យអ្នកប្រើប្រាស់បង់ជាប្រាក់ក្នុងចំនួនណាមួយទៅតាមការទាមទាររបស់ Hackers៕