"ទន្លេ​សូឡូ"​ បទ​ចម្រៀង​ឥណ្ឌូ​នេស៊ីដែល​ជប៉ុន​ធ្វើឱ្យល្បី​លើ​ឆាក​អន្តរ​ជាតិ

  • 2017-05-19 10:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"ទន្លេ​សូឡូ"​ ជា​សំនៀង​របស់​លោក​ស្រី ឈុន វណ្ណា ។  បទ​ចម្រៀង​នេះ​ត្រូវ​​​​បាន​​ផលិត​និង​ចេញ​លក់​​នៅ​ក្នុង​អំឡុង​ទស​វត្សរ៍​​ឆ្នាំ​​១៩៦០​ ដោយ​ផលិត​កម្ម​វត្ត​ភ្នំ។

  មុន​នឹង​រៀប​រាប់​ពីប្រវត្តិ​នៃបទ​ចម្រៀង «បឹង​ហ្កាវ៉ាន់​សូឡូ» ខ្លីៗ សូម​ជំរាប​អំពី​ទន្លេសូឡូ  បន្តិច​សិន​។ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី មាន​ទន្លេ​មួយ​ឈ្មោះ​ថា  Solo។ ទន្លេ​នេះ​មាន​ប្រវែង​ប្រហែល​៦០០​គីឡូម៉ែត្រ គឺជា​ទន្លេ​ដែល​វែងជាង​គេ​បំផុត​នៅ​លើ​កោះ​ជ្វា ។ ឯ​ពាក្យ​ថា Bengawan គឺជា​ភាសា​ជ្វា​បុរាណ ដែល​មាន​ន័យ​ថា ទន្លេ។ ដូច្នេះ​ពាក្យថា​ Bengawan Solo មាន​ន័យ​ថា ទន្លេ Solo ។​

ផែនទីទន្លេសូឡូ
  ប៉ុន្តែ ​Bengawan Solo ក៏ជា​ចំណង​ជើង​នៃ​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​​ឥណ្ឌូ​នេស៊ី​ផង​ដែរ។ បទ​ចម្រៀង​នេះ ច្រៀង​រៀប​រាប់អំពី​ភាព​អស្ចារ្យ​របស់​ទន្លេ​សូឡូ​ ដែលព័ទ្ធ​ព័ន្ធ​​ដោយ​ជួរភ្នំ ហើយ​ហូរចាក់​ទៅ​ក្នុង​សមុទ្រ ជាទី​ដែល​មាន​អ្នក​ជំនួញ​ជួញ​ដូរផង​ទាំង​​​ឡាយ​រក​ស៊ី​នៅទី​នោះ។ Beng​awan Solo ជា​ប្រភេទ​បទ​ចម្រៀង​ប្រជា​ប្រិយ​ឥណ្ឌូ​នេស៊ី​ដែល​ទទួល​ឥទ្ធិពល​ពី​ពរ័ទុយ​ហ្កាល់។
លោក Gesang Martohartono

បទ Ben​ga​wan Solo ត្រូវ​បាន​និពន្ធ​ឡើង​នៅ​ឆ្នាំ​១៩៤០​ ដោយ​សិល្បក​រ​ឈ្មោះ Gesang Martohartono។​ កាល​នៅ​ក្មេង​ Gesang បាន​និពន្ធ​បទ​ភ្លេង Bengawan Solo ដោយ​ខ្លុយ​ធ្វើពី​ដើម​ប្ញស្សី​របស់​គាត់ ហើយ​គាត់​បាន​ចាប់​ផ្តើម​ច្រៀង​​​​ពេល​មាន​ពិធី​ជួបជុំ​ផ្សេងៗ​នៅ​ស្រុក​កំណើត​របស់​គាត់។​  បទ​ចម្រៀង​នេះ ទទួល​បាន​​​ការ​គាំទ្រ​ថ្នាក់​ជាតិ បន្ទាប់​ពីត្រូវ​បាន​ផ្សាយ​តាមរ​យៈ​ស្ថានីយ​វិទ្យុ​នា​នា។

បន្ទាប់​ពី​ចាញ់​សង្គ្រាម​លោក​លើក​ទី២ កង​ទ័ព​ជប៉ុន​បាន​ដក​ចេញ​ពី​ប្រទេស​ឥណ្ឌូ​នេស៊ី ហើយ​​បាន​នាំ​យក​បទ​ចម្រៀង Bengawan Solo ទៅ​ជា​មួយ​ផង។ នៅ​ប្រទេស​ជប៉ុន បទ​ចម្រៀង Bengawan Solo ត្រូវ​បាន​បក​ប្រែ​និង​ច្រៀង​ជា​ភាសា​ជប៉ុន។  យ៉ាង​ឆាប់​រហ័ស បទ​ចម្រៀង​នេះ ចាប់​ផ្តើម​ល្បី​ល្បាញ និង​ជាទី​ចូល​ចិត្ត​ក្នុង​សហ​គមន៍​​​ជន​ជាតិ​ជប៉ុន។ បទ​ចម្រៀង Bengawan Solo បាន​ក្លាយ​ជាបទ​ចម្រៀង​ដែល​លក់​ដាច់​ជាង​គេ​បំផុត និង ល្បី​ល្បាញ​ពាស​ពេញ​ពិភព​លោក។ 

    នៅ​ទសវត្សរ៍​ឆ្នាំ​១៩៥០ បទ​ចម្រៀង Bengawan Solo ទទួល​បាន​ការគាំ​ទ្រ​យ៉ាង​សម្បើម​ក្នុង​ចំណោម​សហគមន៍​ជន​ជាតិ​ចិន បន្ទាប់​ពីអ្នក​ចម្រៀង​ជន​ជាតិ​ម៉ាឡេ​ស៊ី​ម្នាក់ យកប​ទ​នេះ​ទៅ​ច្រៀង​ជាភា​សា​ចិន។ ជា​បន្ត​បន្ទាប់ បទ​ចម្រៀង Bengawan Solo ត្រូវ​បាន​សិល្បករ​ជាច្រើន​យក​បទ​មក​ច្រៀង​ឡើង​វិញ ទៅ​តាម​ភាសា​កំណើត​របស់​ខ្លួន ដែល​នៅ​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;