២២ ប្រទេស​រួមគ្នា​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅ​ហ្ស៊កដានី

  • 2017-05-19 12:08:21
  • ចំនួនមតិ

ចន្លោះមិនឃើញ

កងទ័ព​ជើងគោក ទឹក និង​អាកាស ៧២០០​នាក់ មកពី ២២​ប្រទេស បាន​ចូលរួម​ធ្វើ​សមយុទ្ធ​មួយ​ហៅថា «Eager Lion 2017» នៅ​ហ្ស៊កដានី។ នេះ​បើតាម​កងទ័ព​ហ្ស៊កដានី បាន​ឱ្យដឹង​កាលពី​ថ្ងៃទី១៨ ឧសភា ម្សិលមិញ។

ក្រៅពី​កងទ័ព​ដ៏ច្រើន​នេះ ក៏មាន​យន្តហោះ B1 របស់​អាមេរិក ចំនួន ២​គ្រឿង យន្តហោះ​ចម្បាំង F-16 និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ របស់​ហ្ស៊កដានី បាន​ចូលរួម​ក្នុង​សមយុទ្ធ​នេះ​ផងដែរ។ លំហាត់​នេះ ផ្តោត​ទៅលើ​ការ​រៀបចំ និង​ការងារ​ជាក្រុម ដោយការ​ប្រើ​សព្វាវុធ​ផ្សេងៗ ដើម្បី​ត្រៀម​ទប់ទល់​នឹងការ​គំរាមកំហែង​ដ៏មាន​សក្តានុពល។

សូម​បញ្ជាក់​ថា សមយុទ្ធ «Eager Lion 2017» បាន​ចាប់ផ្តើម​ធ្វើឡើង​តាំងពី​ថ្ងៃទី៧​ឧសភា។ ប្រទេស​ដែល​ចូលរួម រួមមាន៖ ហ្ស៊កដានី គូវែត បារ៉ែន កាតារ អារ៉ាប៊ីសាអ៊ូឌី អេហ្ស៊ីប អ៊ីរ៉ាក់ អារ៉ាប់រួម លីបង់ អង់គ្លេស បារាំង កេនយ៉ា អ៊ីតាលី ប៉ាគីស្ថាន អាមេរិក ប៊ែលហ្សិក ប៉ូឡូញ ហុល្លង់ អូស្រ្តាលី ក្រិច ជប៉ុន និងតំណាងមកពីអង្គការណាតូ។ កងទ័ព​ទាំងអស់ នឹង​ចាប់ផ្តើម​ចាកចេញ​ពី​ហ្ស៊កដានី នៅថ្ងៃទី​១៩ឧសភា​នេះហើយ៕


ប្រភព៖ Jordan Times ប្រែ​សម្រួល៖ សំភី