ឃោសនា​បោះឆ្នោត ១​សប្តាហ៍​ បេក្ខជន​បក្ស CNRP ស្លាប់ ២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

  • 2017-05-27 09:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាងហោចណាស់ មាន​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ ២នាក់ បាន​ស្លាប់ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រយៈពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ ១​សប្តាហ៍​មកនេះ។ ក្នុងនោះ មាន​បេក្ខជន​ម្នាក់ នៅ​ខេត្ត​ពោធិ៍សាត់ និង​បេក្ខជន​ម្នាក់​ទៀត នៅ​ខេត្ត​ព្រះសីហនុ។

សេចក្តី​រាយការណ៍​បង្ហាញ​ថា លោក សែម ចិន្តា ជា​អនុប្រធាន​ក្រុម​ការងារ​ជួយ​ភូមិ៣ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ ជា​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​សង្កាត់​លេខ១ ក្នុង​ក្រុង​ព្រះសីហនុ បាន​ស្លាប់ កាលពី​ម៉ោង ១ រំលង​អាធ្រាត្រ យប់​ថ្ងៃ​ទី២៦ឧសភា ឈាន​ចូល​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ២០១៧ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​អគារ ៧ជាន់ ជិត​រោងចក្រ ញូវ​ស្តារ ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

ចំណែក​ស្ត្រី​បេក្ខជន​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ទៀត ក៏​បាន​ស្លាប់ និង​បុរស​ម្នាក់​រងរបួស​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​ឃោសនា​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៧ នៅខេត្តពោធិ៍សាត់។

ដោយឡែក នៅ​ឯ​ខេត្ត​បាត់ដំបង ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៧ ក្បួន​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​បង្ក​គ្រោះថ្នាក់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​ផង​ដែរ។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​ឃុំ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​មូលដ្ឋាន​នោះ បាន​ប្រកាស​ទទួល​ខុសត្រូវ ដោះស្រាយ​លើ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;