ការកេង​ប្រវ័ញ្ច​ពលកម្ម​កុមារ នៅ​កម្ពុជា នៅតែ​ជាក្តី​បារម្ភ

  • 2017-05-28 03:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​និយាយ​ថា បច្ចុប្បន្ន​នេះ បើទោះ​បីជា​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នានា ខិតខំ​លើក​ម្ពស់​សិទ្ធិកុមារ​យ៉ាងណា​ក៏ដោយ ក៏លោក​នៅតែ​សង្កេត​ឃើញថា កុមារ​មួយ​ចំនួន នៅតែ​ប្រឈម​នឹង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម​នៅឡើយ ដូចជា នៅតាម​សិប្បកម្ម​ឡឥដ្ឋ សហគ្រាស និង​នៅតាម​ផ្ទះ​ជាដើម។

លោក​អះអាង​ថា កុមារ​តូច ត្រូវបាន​ឪពុក​ម្តាយ បញ្ជូន​ឱ្យដើរ​លក់ដូរ នៅតាម​ភោជនីយដ្ឋាន​នានា រហូត​ដល់​ពាក់​កណ្តាល​យប់ ដែល​ធ្វើឱ្យ​កុមារ​ទាំងនោះ ប្រឈម​ទៅនឹង​សន្តិសុខ​សុវត្ថិភាព និងការ​បោះបង់​ការសិក្សា​ជាដើម។ សកម្មភាព​ទាំងនេះ ចាំបាច់​ត្រូវមាន​វិធានការ​ទប់ស្កាត់ ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ។

ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ កំពុងធ្វើការនៅក្នុងឡឥដ្ឋមួយកន្លែងនៅខេត្តកណ្តាល។ រូបថត Cambodia Daily
អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាស មេតភក្តី បាន​លើកឡើង​ថា សាលា​រាជធានី បាននឹង​កំពុង​សហការ​អនុវត្ត​ជាមួយ​មន្ទីរ​សង្គម​កិច្ច និង​អតីត​យុទ្ធជន ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល​នានា ក្នុងការ​ចាត់​វិធានការ​អប់រំ ណែនាំ និង​ដាក់​ទោសទណ្ឌ ទៅលើ​ជន​ឆ្លៀតឱកាស ដែល​កេង​ចំណេញ ទៅលើ​ពលកម្ម​កុមារ។ លោក​ក៏បាន​ទទួល​ស្គាល់ ចំពោះ​សកម្មភាព​របស់​កុមារ​មួយចំនួន ដែលនៅ​បន្ត​លក់ដូរ សុំទាន នៅតាម​ភ្លើងស្តុប និង​ហាង ផងដែរ។

សូម​បញ្ជាក់ថា ទិវា​កុមារ​កម្ពុជា និង​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ឆ្នាំ​២០១៧​នេះ នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «លើក​កម្ពស់​ការ​ចូលរួម​របស់​កុមារ​ដើម្បី​អភិវឌ្ឍ​សង្គម»៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;