ក្រុមហ៊ុន ម៉ុង ឫទ្ធី រំពឹង​ថា នឹង​នាំចេញ​ប្រេងដូង ២០​លាន​ដុល្លារ ឆ្នាំ​២០១៧នេះ

  • 2017-05-29 02:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កម្ពុជា​បាន​នាំចេញ​ប្រេងដូង​មានតម្លៃ​ជាង ១៣​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៦ ខណៈ​ក្រុមហ៊ុន​រំពឹង​ថា ការ​នាំចេញ​ឆ្នាំ​២០១៧​នេះ នឹង​កើន​ឡើង​ប្រមាណ ២០​លាន​ដុល្លារ​។ នេះ​បើ​តាម​តួលេខ​ពី​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​ជា​ក្រុមហ៊ុន​នាំចេញ​ប្រេងដូង​តែមួយ​​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​មកដល់ពេលនេះ។

ក្រុមហ៊ុន​ផលិត​ប្រេងដូង​កម្ពុជា Mong Reththy Investment Cambodia Oil Palm ក៏​បាន​ព្យាករ​ថា បរិមាណ​នៃ​ការ​នាំចេញ​នឹង​កើន​ដល់ ៣​ម៉ឺន​តោន​នៅ​ឆ្នាំនេះ។ នេះ​បើ​យោង​តាម​លោក ប្រាចាក់ គង់តានំថាំ អនុ​ប្រធាន​ទទួល​បន្ទុក​ផ្នែក​លក់ និង​ទីផ្សារ​នៅ​ក្រុមហ៊ុន Mong Reththy Investment Cambodia Oil Palm Co.,Ltd។

ទិន្នន័យ​ពី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​បាន​នាំ​ចេញ​ប្រេងដូង​មិនទាន់​កែច្នៃ ២១.៤៥០​តោន កើន​ឡើង ៦​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៥។

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា មក​ដល់​ពេលនេះ ដូង​ប្រេង​លើ​ផ្ទៃដី​ប្រហែល ១៧ ០០០​ហិកតា អាច​ប្រមូល​ផល​បាន​ហើយ “​យើង​បាន​នាំ​ចេញទៅ​ទិសដៅ​ទីផ្សារ​សំខាន់ៗ​នៅ​អឺរ៉ុប កូរ៉េ ចិន ប៉ាគីស្ថាន ឥណ្ឌា និង​ម៉ាឡេស៊ី”។

បច្ចុប្បន្ន​នៅ​កម្ពុជា ​ក៏​មាន​ក្រុមហ៊ុន​ដាំដូង​ប្រេង​ពីរ​ផ្សេងទៀត ដែល​កំពុង​ប្រតិបត្តិការ​ចម្ការ​ដូង​ប្រេង​ក្នុង​ខេត្ត​កំពត និង​ខេត្ត​រតនគិរី។ ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​នេះ គឺ​ក្រុមហ៊ុន Virtus Green Plantations (Cambodia) បាន​ប្រមូល​ផល​រួចហើយ​លើ​កសិដ្ឋាន​របស់​ខ្លួន និង​លក់​ឲ្យ​ក្រុមហ៊ុន​ម៉ុង ឫទ្ធី។

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ចម្ការ​ប្រេងដូង​ដ៏​ធំ​ផ្សេ​ទៀត​នៅ​ខេត្ត​រតនគិរី ដែល​បាន​ដាំ​ដុះ​លើ​ផ្ទៃដី ១៨ ០០០​ហិកតា ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL) រំពឹង​ថា នឹង​ប្រមូល​ផល​ពេញលេញ​នៅ​ឆ្នាំក្រោយ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;