ខេត្ត​ប៉ៃលិន និង​ក្រុង​ប៉ោយប៉ែត ត្រូវ​ជន់​លិច ដោយសារ​ភ្លៀង​ធ្លាក់ ១០ថ្ងៃ​ជាប់​គ្នា

  • 2017-05-29 03:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លៀង​ធ្លាក់​ទាំង​ថ្ងៃ​ទាំង​យប់ រយៈពេល​១០ថ្ងៃ បាន​បង្ក​ជា​ទឹក​ជំនន់ ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង ៥០ខ្នង នៅ​ក្នុងស្រុក​សាលាក្រៅ ​ខេត្ត​ប៉ៃលិន និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។ យ៉ាងណាក្ដី ទឹក​ជំនន់​នេះ មិន​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត មនុស្ស ឬ​សត្វ​នោះ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹងត្រង់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ដោយ​សារ​តែ​ទឹក​បាន​ហៀរ​ចេញ​អូរ ស្ទឹង និង​ហូរ​ធ្លាក់​មក​ពី​លើ​ភ្នំ​កាន់​តែ​ច្រើន ខណៈ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​រាល់​ថ្ងៃ។

លោកញ៉ឹក ថុល អធិការ​នគរបាល​ស្រុក​សាលាក្រៅ បាន​ឲ្យដឹង​ថា លោក​មិន​ទាន់​ដឹង​ច្បាស់​ថា​លិចលង់​ប៉ុន្មាន​ខ្នង​នៅ​ឡើយ​ទេ ដោយ​លោក​កំពុង​ចាត់​កម្លាំង​ចុះ​ត្រួត​ពិនិត្យ និង​ដោះស្រាយ​ជូន​​ពលរដ្ឋ ជាមួយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន។

រីឯ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ​វិញ ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដែរ។ ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​ទីប្រជុំជន​ប៉ោយប៉ែត រួម​ទាំង​វត្ត​អារាម សាលារៀន ចំណត​រថយន្ត និង​ផ្ទះ​ប្រជាពលរដ្ឋ​ កំពុង​រងការ​លិចលង់។

អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក​ចាន់ យុត្ថា បាន​បញ្ជាក់​ថា ខេត្ត​ប៉ៃលិន ភ្លៀង​បាន​ធ្លាក់​ក្នុង​បរិមាណ ៤៥មីល្លីម៉ែត្រ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង លិច​ផ្ទះ​ប្រជាពលរដ្ឋ ៣៦ខ្នង និង​ហូរ​កាត់​លើ​កំណាត់​ផ្លូវ​លំ ១ខ្សែ ប្រវែង ១០០ម៉ែត្រ នៅ​ឃុំ​ស្ទឹងត្រង់ សុ្រក​សាលាក្រៅ ខេត្ត​ប៉ៃលិន៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;