ជាង​១៤ម៉ឺននាក់ ចុះឈ្មោះ​សង្កេតការណ៍​បោះឆ្នោត​ឃុំសង្កាត់

  • 2017-05-29 04:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ភ្នាក់ងារ​គណបក្ស​នយោបាយ ជាង១៤ម៉ឺន​នាក់ បាន​ចុះឈ្មោះ​សង្កេតការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៤ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​មាន​ប្រសាសន៍​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី២៩ ខែឧសភា​នេះថា រហូត​មកដល់​ពេលនេះ គ.ជ.ប បាន​ចេញ​ប័ណ្ណ​ដល់​អ្នក​សង្កេតការណ៍​ជាតិ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ចំនួន ៥៦៨១៧នាក់ និង​អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន​ចំនួន ៩៤នាក់។ ចំណែក​ខាង​ភ្នាក់ងារ​គណបក្ស​នយោបាយ ដែល​បាន​ដាក់​ពាក្យ​សង្កេតការណ៍​មាន​ជិត ៦ម៉ឺននាក់។

លោក​បន្តថា ការផ្តល់​ប័ណ្ណ​សង្កេតការណ៍​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​បាន​បិទ​បញ្ចប់​ហើយ ប៉ុន្តែ​សម្រាប់​អ្នក​សង្កេតការណ៍​អន្តរជាតិ និង​គណបក្ស​នយោបាយ​នៅតែ​ទទួល​បន្ត។

លោក ហង្ស ពុទ្ធា បានបញ្ជាក់​ទៀត​​ថា គ.ជ.ប បាន​បើក​ដំណើរការ​ចុះឈ្មោះ​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ និង​អង្គទូត​ប្រចាំ​កម្ពុជា ​ចាប់តាំង​ពីថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ២០១៧។ មន្ត្រី​ស្ថានទូត​ដែល​បាន​ចុះឈ្មោះ​សង្កេតការណ៍​ មាន​ដូចជា ស្ថានទូត​អាមេរិក បារាំង និងអង់គ្លេស​ជាដើម៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;