ដូណាល់ ត្រាំ វាយ​ប្រហារ​អាល្លឺម៉ង់​ថា អាក្រក់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម

  • 2017-05-29 04:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប នៅ​ក្រុង Brussels កាលពី​ថ្ងៃ​ទី២៥ ឧសភា ២០១៧ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​និយាយ​ថា អាល្លឺម៉ង់​គឺ​ពិតជា​អាក្រក់​ណាស់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ហើយ​លោក​បានប្រកាស​កាត់​បន្ថយ​ការ​នាំចូល​រថយន្ត​របស់​អាល្លឺម៉ង់​មក​ក្នុង​ប្រទេស​អាមេរិកផង​ដែរ។

ចំណែក​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា "គាត់​បាន​និយាយ​ថា អាល្លឺម៉ង់​ពិត​ជា​អាក្រក់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​គាត់​មិន​មិន​បញ្ហា​ជាមួយ​អាល្លឺម៉ង់​នោះ​ទេ"។

ការ​លើក​ឡើង​របស់​លោក ដូណាល់ ត្រាំ ដូច្នេះ គឺ​ក្រោយ​អាមេរិក​មាន​ឧនភាព​ពាណិជ្ជកម្ម​ជាមួយ​អាល្លឺម៉ង់ ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ នៅ​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។ ជាក់ស្ដែង អាមេរិក​មាន​ឧនភាព​ពាណិជ្ជកម្ម​ជាមួយ​អាល្លឺម៉ង់ នៅ​ឆ្នាំ​២០១៥ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៧៤​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៦៤​ពាន់​លាន​ដុល្លារ និង​នៅ​ត្រីមាស​ទី​មួយ ឆ្នាំ​២០១៧​នេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៤​ពាន់​លាន​ដុល្លារ។

ហាងរថយន្តអាល្លឺម៉ង់នៅក្នុង​សហរដ្ឋអាមេរិក

សូម​បញ្ជាក់​ថា កាលពី​ខែ​មករា ២០១៧ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏​ធ្លាប់​រិះគន់​អាល្លឺម៉ង់ លើ​បញ្ហា​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ផង​ដែរ និង​បាន​ព្រមាន​យក​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​របស់​អាល្លឺម៉ង់​មក​ក្នុង​ទឹកដី​អាមេរិក រហូត​ដល់​ចំនួន ៣៥​%៕

ប្រភព៖ CNN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;