អង្គការ ILO៖ ការងារ​ធ្លាក់ចុះ ទោះបីជា​ការនាំ​ចេញ​កើនឡើង នៅក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា

  • 2017-05-29 12:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​​អន្តរជាតិ​ខាង​ការងារ ហៅកាត់​ថា ILO បាន​ប្រកាស​ថា ការងារ​នៅក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា មានការ​ធ្លាក់ចុះ បើ​ទោះបីជាការ​នាំចេញ ទទួល​បាន​លទ្ធផល​ល្អក្តី។

សេចក្តីប្រកាស​របស់​អង្គការ ILO នា​ថ្ងៃទី​២៩ឧសភា​នេះ ឱ្យដឹង​ថា ក្នុងពេល​ដែលការ​នាំចេញ​បន្ត​កើនឡើង​ ក្នុងល្បឿន​ដ៏រឹងមាំ​មួយ ក្នុងឆ្នាំ​២០១៦ ដោយមាន​ការ​កើនឡើង​ដល់ ៧,៣ ពាន់លាន​ដុល្លារ តែ​ចំនួន​នៃរោងចក្រ​នាំចេញ ដែលបាន​ចុះ​បញ្ជី​ជាផ្លូវការ ក្នុង​វិស័យ​នេះ បានធ្លាក់​ចុះ​ចំនួន ១០,៤%។ លើស​ពីនេះ ចំនួន​កម្មករ បាន​ធ្លាក់ចុះ​ចំនួន ២,៩% ក្នុងឆ្នាំ​២០១៦ បើ​ប្រៀបធៀប​នឹងឆ្នាំ២០១៥។

អង្គការ​នេះ បាន​លើក​យក​កត្តា​ចម្បង​បី ដែល​បង្ហាញពី​ភាព​មិនស្រប​គ្នា​រវាង​ការនាំចេញ និងការ​ធ្លាក់ចុះ​ចំនួន​ការងារ និងការ​បង្កើត​សហគ្រាស​ថ្មី។ ទី១-ការ​កើនឡើង​នូវ​ផលិតភាព​របស់​ឧស្សាហកម្ម​នេះ ទី២-បញ្ហា​ផ្នែក​ស្ថិតិ​ទាក់ទង​នឹង​ការ​វាស់វែង​ចំនួន​ការងារ និង​ចំនួន​រោងចក្រ ទី៣-កំណើន​ផលិតកម្ម​នៅក្នុង​រោងចក្រ​ម៉ៅការ​បន្ត។

លោក Maurizio Bussi នាយក​ការិយាល័យ​អង្គការ ILO ប្រចាំ​ប្រទេស​ថៃ កម្ពុជា និង​ឡាវ មាន​ប្រសាសន៍​ថា កំណើន​ការងារ និង​ផលិតកម្ម​នៅក្នុង​រោងចក្រ​ម៉ៅការ​បន្ត អាចជា​ការព្រួយ​បារម្ភ​មួយ ប្រសិន​បើការ​ម៉ៅការ​បន្ត​កំពុង​ត្រូវបាន​គេ​ប្រើប្រាស់​ជាវិធី​មួយ ក្នុងការ​ជៀសវាង​ច្បាប់ និង​ក្របខ័ណ្ឌ​គតិយុត្តិ រួមទាំង​ច្បាប់​ការងារ និង​ប្រាក់ឈ្នួល​អប្បបរមា​នោះ។

អង្គការ ILO ក៏បាន​ប្រកាស​ថា ចំណូល​ប្រចាំខែ​ជាធម្យម ( រួមទាំង​ប្រាក់ម៉ោង​បន្ថែម ) របស់​កម្មករ​កាត់ដេរ និង​ស្បែកជើង​កម្ពុជា បាន​កើនឡើង​ពី ១៤៥ ដុល្លារ ក្នុងឆ្នាំ​២០១៤ ដល់ ១៧៥ ដុល្លារ ក្នុងឆ្នាំ​២០១៥ និង​កើនដល់ ១៩៥​ដុល្លារ ក្នុងឆ្នាំ​២០១៦៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;