គ្រូ​បង្វឹក​ក្រុម​គោព្រៃ៖ គ្មាន​អ្វី​អាច​ទិញ​ក្រុម​នេះ​បាន​ឡើយ

  • 2017-06-14 04:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​គោព្រៃ​កម្ពុជា បាន​បង្ហាញ​​និង​ផ្ដល់​ទំនុក​ចិត្ត​សម្រាប់​អ្នកគាំទ្រ​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​កូន​ក្រុម​របស់​លោក ទទួល​បាន​ជ័យ​ជម្នះ​លើ​ក្រុម​អាហ្វហ្គានីស្ថាន ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup ពូល C កាលពី​ម្សិលមិញ។

«គ្មាន​អ្វី​អាច​ទិញ​ក្រុម​នេះ (ជម្រើស​ជាតិ​កម្ពុជា) បាន​ឡើយ។ ពួក​យើង​លេង​ដើម្បី​ឈ្នះ»។ នេះ​ជា​សម្ដី​របស់​លោក Leo ។

គ្រូ​បង្វឹក​ដែល​មាន​វ័យ ៤៤ឆ្នាំ​រូបនេះ​បាន​ឲ្យដឹង​ដែរ​ថា ជ័យជម្នះ​យប់មិញ គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​គ្រប់​រូប និង​ជា​លទ្ធផល​ដ៏​ល្អ​មួយ។ លោក​បន្ត​ថា បើ​សិន​ជា​យប់មិញ​កម្ពុជា ទទួល​រង​បរាជ័យ​ក្នុង​ការ​ប្រកួត​នេះ​ក្ដី ក៏​រូបលោក​មិន​ផ្លាស់ប្ដូរ​គោលជំហរ​របស់​ខ្លួន​ដដែល គឺ​លោក​នឹង​បន្ត​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា ដើម្បី​ត្រៀម​សម្រាប់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣។

គួរ​បញ្ជាក់​ថា កម្ពុជា បាន​ផ្លោះ​ឡើង​ទៅ​ចំណាត់​ថ្នាក់​ទី២ បណ្ដោះអាសន្ន ក្នុង​ពូល C ដោយ​មាន​ចំនួន ៣​ពិន្ទុ ក្នុង ២​ប្រកួត។ ចំណែក អាហ្វហ្គានីស្ថាន​បាន​ធ្លាក់​ទៅ​លេខ​៤ មាន ១​ពិន្ទុ។ ហ្សកដានី នៅតែ​បន្ត​ឈរ​លេខ​១ មាន ៤​ពិន្ទុ បន្ទាប់ពី​ប្រកួត​ទី​ពីរ​យប់មិញ ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ វៀតណាម ០-០៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;