ម្រេច​ នឹង​កាន់តែ​មាន​ទីផ្សារ នៅពេល​កម្ពុជា ចូលជា​សមាជិក​សហគមន៍​ម្រេច​អន្តរជាតិ

  • 2017-06-15 08:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​និយាយ​ថា កម្ពុជា នឹង​អាចចូល​ជា​សមាជិក​សង្កេតការណ៍​របស់​សហគមន៍​ម្រេច​អន្តរជាតិ មុន​នឹង​ក្លាយជា​សមាជិក​ពេញសិទ្ធិ។ ការចូល​ជា​សមាជិក​របស់​សហគម​ន៍នេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​លើ​ការលើក​កំពស់​ផលិតភាព បច្ចេកទេស​ថ្មីៗ ការស្រាវជ្រាវ​នានា​ការគាំទ្រ​លើ​ខ្សែសង្វាក់​ផលិតផល​​ទាំងមូល ក៏ដូចជា​សម្របសម្រួល​រវាង​កសិករ និង​ឈ្មួញ ដើម្បី​ឈានទៅដល់​ការនាំ​ចេញទៅ​ទីផ្សារ​បរទេស​។

ការ​លើកឡើង​នេះ ក្នុង​ជំនួប​រវាង​លោក ប៉ាន សូរស័ក្តិ និង​លោកស្រី Hoang Thi Lien នាយក​ប្រតិបត្តិ​នៃ​សហគមន៍​ម្រេច​អន្តរជាតិ ដែល​ជា​ស្ថាប័ន​មួយ​ក្រោម​ក្របខណ្ឌ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក របស់ UN (UNESCAP) កាលពី​ថ្ងៃទី១៤​មិថុនា។

បច្ចុប្បន្ន​សមាជិក​ពេញសិទ្ធិ​​នៃសហគមន៍នេះ មានចំនួន ៦ ប្រទេស រួមមាន វៀតណាម ឥណ្ឌូណេស៊ី ប្រេ​ស៊ី​ល ឥណ្ឌា ស្រីលង្ការ និង​ម៉ាឡេស៊ី​។

លោក ប៉ាន សូរស័ក្តិ អះអាង​ថា ម្រេចកម្ពុជា ជា​កសិផល​មួយ​ដែលមាន​ភាពល្បីល្បាញ ជាពិសេស​ម្រេច​កំពត ដែលជា​ទំនិញ​បញ្ជាក់​ភូមិសាស្ត្រ (Geographical Indication) និង​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ពិភពលោក​។

លោកបាន​ណែនាំ​ឲ្យ​សហគមន៍​ម្រេច​អន្តរជាតិ សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម រៀបចំ​សិក្ខាសាលា​មួយ​នៅ​កម្ពុជា ដើម្បី​បង្កើតជា​វេទិកា​ប្រឹក្សា​ជាមួយ​កសិករ អ្នកប្រមូល​ទិញ និង​អ្នក​នាំចេញ​ម្រេច ក្នុង​គោលបំណង​លើកស្ទួយ​ការអភិវឌ្ឍន៍​ផលិតផល​ម្រេច​នៅ​កម្ពុជា​បន្ថែមទៀត​៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;