ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​របស់ Muangthong ​អួត​​ថា​​នឹង​ស៊ុត​ចូល Cambodian All Stars

  • 2017-07-13 07:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Heberty Fernendes ​សញ្ជាតិ​ប្រេស៊ីល​របស់​ក្រុម Muangthong United ​បាន​អះអាង​ថា​ខ្លួន​នឹង​អាច​រក​គ្រាប់​បាល់​បាន​ ពេល​លេង​ទល់​នឹង​ក្រុម Cambodian All Stars ​នៅ​ថ្ងៃ​ទី​១៦ កក្កដា​​ខាង​មុខ​នេះ។

Heberty ​ទើប​តែ​ចូល​រួម​ជាមួយ​ក្រុម Muangthong United ​ទេ ​ក្នុង​តំណែង​ប្រយុទ្ធ ពាក់​អាវ​លេខ​៧។ កីឡាករ​កើត​នៅ​ទីក្រុង Sao Paulo ​រូបនេះ​ បាន​និយាយ​ថា​ខ្លួន​​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ស្អែក ​ដើម្បី​ប្រកួត​ជាមួយ​ក្រុម​តំណាង​កម្ពុជា។ និយាយ​ដោយ​មាន​ជំនឿ​ចិត្ត កីឡាករ​វ័យ​២៨​ឆ្នាំ​បង្ហើប​ថា​៖ “ពិត​ណាស់​អ្នក​ទាំង​អស់​គ្នា នឹង​បាន​ឃើញ​ខ្ញុំ​ស៊ុត​បញ្ចូល​ទី។ ជួបគ្នា​នៅ​ថ្ងៃ​ទី​១៦​ខាង​មុខ ក្រុម Cambodian All Stars”។

Muangthong United ​នឹង​មក​ដល់​កម្ពុជា​​​​ជា ​២​ដំណាក់​កាល គឺ​ក្រុម​គ្រូ​បង្វឹក​បូក​រួម​ជាមួយ​កីឡាករ​ម្នាក់ (Charyl Chappuis) ​នឹង​ធ្វើ​ដំណើរ​មក​មុន ​វេលា​ម៉ោង​​៨:៥០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​នេះ ដើម្បី​ឱ្យ​ទាន់​ចូល​រួម​ធ្វើ​សន្និសីទ​កាសែត​វេលា​ម៉ោង ១១:៣០​នាទី​ថ្ងៃ​ត្រង់ ខណៈ​​ក្រុម​កីឡាករ​ផ្សេង​ទៀត ​នឹង​ធ្វើ​ដំណើរ​មកដល់​កម្ពុជា ​​ម៉ោង​៤:២០​នាទី​រសៀល​ថ្ងៃ​ដដែល៕

អត្ថបទ៖ សុខ មុន្នីរម្យ

អត្ថបទថ្មី
;