ព្រះសង្ឃ មន្ត្រី​រាជការ​និង​ពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ​នាំ​គ្នា​ដាំ​កូន​ត្នោត​ ១,៦ម៉ឺន​ដើម

  • 2017-07-17 13:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះសង្ឃ មន្ត្រី​រាជការ អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​អាជីវករ និង​យុវជន​ប្រមាណ ៣០០​នាក់​បាន​រួម​គ្នា​ដាំ​កូន​ត្នោត និង​គ្រាប់​ត្នោត​ចំនួន ១៦០០០​ដើម​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍ សង្ឃ​រុក្ខ​វ័ន្ត​នា​ភូមិសាស្ត្រ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា។

ពួក​គេ​មាន​គោល​បំណង​ជាច្រើន​យ៉ាង​ក្នុង​ការ​រួម​គ្នា​ដាំ​កូន​ត្នោត​នោះ ដោយ​ខ្លះ​ថា ត្នោត​គឺ​ជា​និមិត្តរូប​នៃ​ប្រទេស​ខ្មែរ ហើយ​នៅ​ខេត្ត​ឧត្តរមានជ័យ ដោយសារ​តែ​ដី​ភាគច្រើន​ជា​តំបន់​ភ្នំ​មិន​សូវ​សម្បូរ​ដើម​ត្នោត និង​ខ្លះ​ទៀត​ថា​ប្រយោជន៍​នៃ​ដើម​ត្នោត​នៅ​ពេល​ដែល​វា​លូតលាស់​ធំ គឺ​អាច​ជួយ​សហគមន៍​ឲ្យ​រក​ចំណូល​ចិញ្ចឹម​ជីវិត​បាន​ប្រសើរ ជាដើម។

ព្រះសង្ឃ និង​មន្ត្រី​រដ្ឋាភិបាល បង្ហាញ​ផ្លែ​ត្នោត​ទុំ​នៅ​មុន​ពេល​ចាប់​ផ្ដើម​ដាំ​វា​ទៅ​ក្នុង​ដី​នា​ភូមិ​សាស្ត្រ​ក្រុង​សំរោង នៃ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧។
អតីត​អភិបាល​រង​ខេត្ត​សៀមរាប ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ពិធី​ដាំ​កូន​ត្នោត​នោះ គឺ​លោក គឹម ឆៃហៀង។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា ថា ត្នោត​គឺ​ជា​និមិត្តរូប​របស់​ប្រទេស​ខ្មែរ​នោះ គឺ​ជា​រឿង​ម្យ៉ាង ហើយ​ម្យ៉ាង​ទៀត​ដោយសារ​តែ​រូប​លោក​ជាមួយ​នឹង​លោក ភួង លីណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ព្រម​ទាំង​ព្រះ​ភិក្ខុ ប៊ុន សាលួត ជា​ព្រះ​មេគណ​ខេត្ត​នោះ បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​សង្គម​ពី​សាកលវិទ្យាល័យ ផ្លរីដា (Florida) នៃ​សហរដ្ឋ​អាមេរិក ជាមួយ​គ្នា ទើប​មូល​មាត់​ថា​នឹង​ធ្វើ​អ្វី​មួយ​ទុក​ជា​អនុស្សាវរីយ៍​រួម​គ្នា។

លោក គឹម ឆៃហៀង ក៏​យល់​ថា ដោយសារ​តែ​ខេត្ត​ឧត្តរមានជ័យ ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ជាមួយ​ថៃ ហើយ​ផ្ទៃដី​ភាគច្រើន គឺ​ជា​តំបន់​ភ្នំ​មិន​សូវ​សម្បូរ​ដើម​ត្នោត ទើប​លោក​សម្រេច​ចិត្ត​យក​កូន​ត្នោត​ទៅ​ដាំ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ មួយ​នេះ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ដែល​ដឹកនាំ​ការ​ដាំ​កូន​ត្នោត​នោះ លោក ភួង លីណា មាន​ប្រសាសន៍​ថា ការ​ដាំ​កូន​ត្នោត​នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​ពេល​នេះ ក្រៅ​តែ​ពី​ចង់​ឲ្យ​រុក្ខជាតិ​នេះ​រីក​សាយភាយ​ពូជ​ឡើង គឺ​លោក​ក៏​មាន​បំណង​ធ្វើ​ជា​ព្រំប្រទល់​កំណត់​របស់​ព្រៃ​សហគមន៍​នោះ​ដែរ។ លោក​ថា បច្ចុប្បន្ន មន្ទីរ​បរិស្ថាន បាន​ឈាន​ទៅ​អភិរក្ស​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត​នេះ ដូច្នេះ​ហើយ​លោក​ក៏​ចាប់​ផ្ដើម​ដាំ​កូន​ត្នោត​នៅ​តាម​ព្រំប្រទល់​នៃ​ព្រៃ​សហគមន៍​នោះ ដើម្បី​ស្រួល​ចំណាំ​ទៅ​លើ​តំបន់​ការពារ៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;