កីឡាករ U23 ចិន និង​ជប៉ុន ដែល​កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន

  • 2017-07-17 22:50:15
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ (U23) កម្ពុជា ស្ថិត​នៅ​ពូល J ជាមួយ​ក្រុម​ចិន ជប៉ុន និង​ហ្វីលីពីន ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship ឆ្នាំ​២០១៨។ ទន្ទឹម​នេះ កីឡាករ​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ (U23) ចិន និង ជប៉ុន ចំនួន​ពីរ​នាក់ ​ត្រូវ​បាន​វេបសាយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) ចាត់​ទុក​ថា ជា​តារា​ដែល​បម្រុង​នឹង​រះ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​នេះ ហើយ​ក៏​ជា​កីឡាករ​ដែល​ក្រុម​យុវជន​គោព្រៃ​កម្ពុជា ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផងដែរ​។

​កីឡាករ​ទីមួយ​គឺ Wei Shihao (ចិន)៖

Wei Shihao

Wei Shihao ជា​យុវជន​មកពី​ក្រុម​ខ្លាំង​របស់​ចិន Shanghai SIPG ដែល​លេង​ក្នុង​តួនាទី​ជា​ខ្សែ​បម្រើ​ស្លាប។ រូបគេ​មាន​បទ​ពិសោធន៍ ហ្វឹកហាត់​ជាមួយ​កីឡាករ​ល្បីៗ ដូចជា Oscar និង Hulk ជាដើម ដែល​បាន​ផ្ដល់​ឱកាស​ដល់​រូបគេ​បង្កើន​សមត្ថភាព​បន្ថែម​ទៀត។

កាលពី​៤ឆ្នាំ​មុន Wei Shihao បាន​ជាប់​ក្នុង​បញ្ជី​កីឡាករ​យុវជន​ឆ្នើម​ទាំង ៨​នាក់​ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាងគេ​។ បញ្ជី​ដដែល​ក៏​មាន​យុវជន Kurt Zouma (មក​ពី​ក្រុម Chelsea) Kelechi Iheanacho (Manchester City) និង Luke Shaw (Manchester United) ផង​ដែរ។

ទោះជាបី​ជា Wei ដែល​មាន​វ័យ​២២ឆ្នាំ មិន​ទាន់​ឈាន​ដល់​កម្រិត​ដូច​កីឡាករ​ទាំង​បី​រូប​ខាងលើ ប៉ុន្តែ​រូបគេ​​ត្រូវ​ចាត់​ទុកជា​កីឡាករ​សំខាន់​មួយ​រូប ដែល​បង្ហាញ​ខ្លួន​ជា​ជម្រើស ១១​នាក់​ដំបូង​ក្នុង​ក្រុម Shanghai SIPG ។

កីឡាករ​ទី​ពីរ​គឺ Koji Miyoshi (ជប៉ុន)៖

Koji Miyoshi (ឆ្វេង)

Koji Miyoshi គឺ​ជា​យុវជន​ដែល​ធ្លាប់​រួម​ចំណែក​ជួយ​ក្រុម U19 ជប៉ុន គ្រង​ជើង​ឯក AFC U19 Championship ឆ្នាំ២០១៦ ហើយ​ក្នុង​ឆ្នាំ២០១៧​នេះ រូបគេ​នៅ​តែ​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​កម្រិត​ក្រុម​អាជីព និង​ជម្រើស​ជាតិ។

កីឡាករ​វ័យ២០​ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ FIFA U20 World Cup ឆ្នាំ២០១៧ ដែល​ទើបតែ​បញ្ចប់​កន្លង​ទៅ​ផង​ដែរ ខណៈ​ជប៉ុន​បាន​ឡើង​ដល់​វគ្គ ១៦​ក្រុម​ចុងក្រោយ។ Koji Miyoshi ​ជា​ខ្សែបម្រើ​របស់​ក្រុម​លីគ​កំពូល​ជប៉ុន Kawasaki Frontale ដែល​បាន​ឡើង​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ ពាន​រង្វាន់ AFC Champions League ក្នុង​ឆ្នាំ​២០១៧៕

សូម​បញ្ជាក់​ថា U23 កម្ពុជា នឹង​ជួប U23 ចិន នៅ​ថ្ងៃ​ទី១៩​កក្កដា បន្ទាប់​មក​ជួប U23 ជប៉ុន នៅ​ថ្ងៃ​ទី២១​កក្កដា ហើយ​ចុងក្រោយ​ប៉ះ​ក្រុម U23 ហ្វីលីពីន នៅ​ថ្ងៃ​ទី២៣​កក្កដា ឆ្នាំ​២០១៧៕

អត្ថបទ​ពាក់ព័ន្ធ


ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.