“ស្រ​មោល​ស្នេហ៍" បទ​ចម្រៀង​ដែល​អាច​ចាប់​កំណើត​តាំង​ពី​សត​វត្សរ៍​ទី​១៨

  • 2017-07-21 10:27:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​កម្ពុជា ​បទ​ចម្រៀង ​"ស្រមោល​ស្នេហ៍" ដែល​ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សា​មុត បាន​ផលិត​និង​ចេញ​លក់​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៦០។

តាម​រយៈ​បទ​នេះ អ្នក​និពន្ធ​បាន​រំលេច​អោយ​អ្នក​ស្តាប់ បាន​​​ដឹង​ពី​ទឹក​ចិត្ត​ស្នេហា​របស់​បុរស​ម្នាក់ ដែល​អង្គុយ​រង់​ចាំ​នារី​ជាទី​ស្រឡាញ់​របស់​ខ្លួន តាំង​ពី​ថ្ងៃ​​ហៀប​អស្តង្គត​រហូត​ដល់​យប់​ជ្រៅ។ ទោះ​អង្គុយ​ចាំ​រហូត​ដល់ សន្សើម​ធ្លាក់​​​​ជោគ​ប្រាណ​ក៏​នៅ​តែ​ចាំ ព្រោះ​ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ ពួក​គេ​នឹង​លែង​បាន​​​ជួប​គ្នា​ទៀត​ហើយ……

ផ្ទុយ​ពី​ទំនុក​ច្រៀង​ជា​ភាសា​ខ្មែរ ទំនុក​ច្រៀង​ដើម​នៃ​បទ​ចម្រៀង​នេះ បាន​ច្រៀង​រៀប​រាប់​អំពី ជីវិត​របស់​ជន​មួយ​ចំនួន​ ដែល​ត្រេក​ត្រអាល​នឹង​អំពើ​អបាយ​មុខ និង ដើរ​ខុស​គន្លង​ធម៌​នៅរដ្ឋ New Orleans នៃ​សហ​រដ្ឋ​អាមេរិក។ បទ​នេះ ​មាន​ចំណង​ជើង​ថា The House of The Rising Sun

ដូច​ជា​កំណាព្យ​បែប Classic ដទៃ​ទៀត​ដែរ ដើម​កំណើត ​ឬ​ការ​តែង​និពន្ធ​ របស់​បទ​ចម្រៀង​នេះ មិន​មាន​ភាព​ច្បាស់​លាស់​ទេ។ ប៉ុន្តែ​អ្នក​តន្រ្តី​វិទ្យា​និយាយ​ថា ​បទ​ចម្រៀង​នេះ ប្រហែល​ជា​កើត​ឡើង​នៅ​សត​វត្សរ៍​ទី​១៨ និង​ត្រូវ​បាន​ជន​អន្តោ​ប្រវេសន៍​អង់​គ្លេស នាំ​មក​កាន់​សហរដ្ឋ​អាមេរិក​នៅ​ពេល​ដែល​ពួក​គេ​មក ​តាំង​ទី​លំនៅ​នៅរដ្ឋ New Orleans។

ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​ដើម លោក Alan Price តន្ត្រី​ករ​នៅ​ក្នុង​ក្រុម​តន្ត្រី The Animals និយាយ​ថា បទ​ចម្រៀង​នេះ​គឺ​ជាបទ​ចម្រៀង​ប្រជា​ប្រិយ​របស់​អង់​គ្លេស ដែល​មាន​ដើម​កំណើត​តាំង​ពី​សតវត្សរ៍​ទី​១៦​មក​ម្ល៉េះ។

តាម​ឯកសារ​ដែល​ស្រាវ​ជ្រាវ​បាន និង​មាន​សម្លេង​នៅ​សល់ បទ​ចម្រៀង The House of The Rising Sun ត្រូវ​បាន គេ​យក​មក​ច្រៀង​តាំង​ពី​ឆ្នាំ ១៩៣៤ មក​ម៉្លេះ។

ប៉ុន្តែ បទ​ចម្រៀង​នេះ បាន​ទទួល​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​បំផុត​នៅ​ឆ្នាំ១៩៦៤ គឺ​នៅ​ពេល​ដែល​ក្រុម The Animals របស់​អង់​គ្លេស យក​បទ​នេះ​មក​ច្រៀង​ជា​ថ្មី​។ House of The Rising Sun បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅចក្រភ​អង់​គ្លេស សហ​រដ្ឋ​អាមេរិក ស៊ុយ​អ៊ែត ហ្វាំង​ឡង់ និង​កា​ណា​ដា។

នៅ​ឆ្នាំ​១៩៦៤​ដដែល នៅឯ​ប្រទេស​បារាំង​ឯណោះ​វិញ បទ​ចម្រៀង​ដែល​មាន​លំនាំ​ដូច​គ្នា​នេះ ត្រូវ​បាន​អ្នក​ចម្រៀង​បារាំង ​Johnny Hallyday ​យក​ទៅ​ច្រៀង ហើយ​ទទួល​បាន​ប្រជា​ប្រិយ​ភាព និង​​ជាប់​ចំណាត់​លេខ​១​នៅ​ប្រទេស​បារាំង​ដែរ។ ជា​ភាសា​បារាំង បទ​ចម្រៀង​នោះ​មាន​ចំណង​​ជើងថា Le Pénitencier ដែល​មាន ន័យ​ជា​ភាសា​ខ្មែរ​ថា "មណ្ឌល​កែប្រែ"​ ឬ "មន្ទីរ​ឃុំ​ឃាំង​"​។

ដូច​គ្នា​នឹ​ង​ទំនុក​ច្រៀង​ជា​ភាសា​អង់គ្លេស​ដែរ Le Pénitencier ច្រៀង​រៀប​រាប់​អំពី​ជីវិត​របស់​កូន​ប្រុស​ម្នាក់​ដែល​ត្រេក​ត្រអាល​នឹង​អំពើ​អបាយ​មុខ និង ដើ​រ​ខុស​គន្លង​ធម៌ ហើយ​បន្ទាប់​មក ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ដាក់​នៅ​ក្នុង​មណ្ឌល​កែ​ប្រែ។ ទាល់តែ​ពេល​ដែល​​ខ្លួន​ស្ថិត​នៅ​ក្នុង​មណ្ឌល​កែ​ប្រែ ទើប​កូន​ប្រុស​មាន​វិប្បដិសារៈ និង​នឹក​ដល់​ម្តាយ​ដែល​​​​តែងតែ​យក​ចិត្ត​ទុក​ដាក់​ថែរ​ក្សា និង ណែ​នាំ​ខ្លួន។

រលក​សកល​ភាវូ​បនីយ​កម្ម បាន​បក់​ផាត់​នាំ​យក​បទ​ចម្រៀង​បរទេស​ទាំង​នេះ មក​ដល់​កម្ពុជា។ ប៉ុន្តែ​មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ថា តើ​បទ​ចម្រៀង "​ស្រមោល​ស្នេហ៍"​ របស់​​លោកស៊ីន ស៊ី​សា​មុត ទទួល​ឥទ្ធិពល​ពី​បទ​ចម្រៀង​ណា​មួយ​ក្នុង​ចំណោមបទ​ទាំង​ពី​រខាង​លើ​នោះ​ទេ៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;