ធនាគារ​ជាតិ៖ កំណើន​សេដ្ឋកិច្ចកម្ពុជា​​នៅ​ឆមាស​ទី១ កើន​បាន ៧%

  • 2017-07-23 08:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ប៉ាន់​ស្មានថា​នឹង​មាន​កំណើន ៧% ដែល​រួមចំណែក​ជា​ចម្បង​ដោយ​កំណើន​វិស័យ​កាត់ដេរ សំណង់ អចលនទ្រព្យ និង​ទេសចរណ៍​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា
នេះ​ជា​ការ​លើកឡើង​របស់​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។

លោក​បាន​មានប្រសាសន៍ថា ភាព​រីកចម្រើន​នេះ កើនឡើង​ព្រម​គ្នា​ជាមួយ​នឹង​ភាព​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក។ ភាព​ប្រសើរឡើង​​នេះ ជា​ចម្បង​ដោយសារ​ការ​បន្ត​កើន​ឡើង​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ជាពិសេស​សហរដ្ឋអាមេរិក តំបន់​អឺរ៉ុប និង​ជប៉ុន ខណៈ​ប្រទេស​ចិន ល្បឿន​កំណើន​បាន​បន្ដ​ថយ​ចុះ​បន្តិចបន្តួច​ដូច​ការ​រំពឹង​ទុក។

លោក​បាន​បន្ថែម​ថា វិស័យ​កាត់ដេរ​នៅតែ​បន្ត​រួមចំណែក​ចម្បង​ក្នុង​កំណើន ថ្វីត្បិតតែ​អត្រា​កំណើន​បាន​ថមថយ​បន្តិច​ក៏ដោយ​ក្នុង​​ពេល​ដែល​វិស័យ​សំណង់​បន្ត​មាន​កំណើន​រឹងមាំ ហើយ​វិស័យ​ទេសចរណ៍​មាន​សន្ទុះ​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។ ចំណែក​វិស័យ​កសិកម្ម កំណើន​បាន​បន្ត​ងើបឡើង​ទន់​ខ្សោយ​នៅឡើយ​។ ទន្ទឹម​នឹង​នេះ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ត្រូវ​បាន​រក្សា​យ៉ាង​រឹង​មាំ ដែល​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​សកម្មភាព​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;