អ្នក​គាំទ្រ​បាល់ទាត់​ចិន​​នៅ​កម្ពុជា មាន​ចំណុច​ល្អ​​ ៣ ដែល​​គួរ​យក​គំរូ​តាម

  • 2017-07-25 02:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ U23 ចិន បាន​បង្ក​ភា​ព​ភ្ញាក់ផ្អើល ដោយ​បំបាក់​ក្រុម​ខ្លាំង U23 ជប៉ុន ២-១ ក្នុង​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ AFC U23 Championship នៅ​កម្ពុជា កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ ចិន ឈរ​លេខ ១ ក្នុង​ពូល J រុញ​ជប៉ុន​ឲ្យ​ទៅ​ឈរ​លេខ​ ២ វិញ។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​អ្នក​គាំទ្រ​ចិន​ បាន​ទៅ​ទស្សនា​ផ្ទាល់​ ដោយ​បន្លឺ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​កក្រើក​ពហុ​កីឡដ្ឋាន​ជាតិ​ (អូឡាំពិក)។ ត្បិត​មិន​មាន​ចំនួន​ច្រើន ដូច​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​កម្ពុជា ប៉ុន្តែ​អ្នក​គាំទ្រ​ចិន បាន​ធ្វើ​ឲ្យ​កីឡាករ​របស់​ខ្លួន​មាន​សន្ទុះ​យ៉ាង​ខ្លាំង​នៅ​លើ​ទីលាន ចំណែក​ឯ​កាណុង​កាម៉េរ៉ា​របស់​អ្នក​ថត​រូប ក៏​មិន​ភ្លេច​ថត​ពួក​គេ​ដែរ ដោយសារ​ពួក​គេ មាន​ចំណុច​ល្អ២ គួរ​យក​គំរូ​តាម៖

ទី១៖ ពួក​គេ​បាន​ប្រមូល​ផ្ដុំ​គ្នា ពាក់​អាវ​​ពណ៌​ក្រហម​ដូចគ្នា មាន​ទង់​ជាតិស្ទើរ​គ្រប់​ដៃ មើល​ទៅ​ទាក់​ភ្នែក​យ៉ាង​ខ្លាំង។ ពួក​គេ​មិន​មែន​ទៅ​អង្គុយ​មើល​ធម្មតាយ៉ាង​ស្ងៀមស្ងាត់​នោះ​ទេ គឺ​ពួក​គេ​បាន​បន្លឺ​សំឡេង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​​ពេញ​មួយ​ប្រកួត ក្រោក​ឈរ​ទះ​ដៃ​ស្រុះ​គ្នា ដើម្បី​ជម្រុញ​ទឹក​ចិត្ត​កីឡាករ​នៅ​លើ​ទីលាន។ ពួក​គេ​មាន​គ្នា​មិន​ដល់ខ្ទង់​​ពាន់​នាក់​នោះ​ទេ ប៉ុន្តែ​អាច​ហ៊ោ​​ឡើង​កក្រើក​ពហុ​កីឡដ្ឋាន។ សាក​ស្រមៃ​ទៅ​មើល បើ​អ្នក​គាំទ្រ​ខ្ទង់​ម៉ឺន​នាក់​របស់​​ក្រុម​ម្ចាស់ផ្ទះ​​ អាច​​ហ៊ោ​បាន​ស្រុះ​គ្នា​ដូច​ពួកគេ តើ​នឹង​កក្រើកប៉ុណ្ណា​ទៅ?

ទី២៖ ពួកគេ​បាន​ប្រើ​ស្គរ វាយ​ជា​ចង្វាក់ ​ដើម្បី​​ស្រែក​ហ៊ោ ​ស្រែក​ច្រៀង​បាន​​ស្រុះ​គ្នា មិន​មែន​ប្រើ​ speaker ដើម្បី​ចាក់​បទ​បែក​ស្លុយ​ ដើម្បី​រាំរែក អំឡុង​ពេល​កីឡាករ​កំពុង​ប្រកួត​នោះ​ទេ។ មួយ​វិញ​ទៀត ​ពួក​គេ​បាន​បង្ហាញ​ការ​សាមគ្គី​គ្នា មិន​ប៉ះ​ទង្គិច​គ្នា មិន​វាយ​តប់​ ឬរុញច្រើន​គ្នា​ ធ្វើ​ឲ្យ​​អាប់ឱន​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​ជាតិ​ឡើយ​។

ទី៣៖ ក្រោយ​ចប់​ការ​ប្រកួត ពួក​គេ​បាន​នាំ​គ្នា​ប្រមូល​សំរាមអស់​ពី​កៅអី​ ទើប​នាំ​គ្នា​ចាកចេញ។ កន្លង​មក គេ​សង្កេត​ឃើញ​អ្នក​គាំទ្រ​កម្ពុជាយើង​មួយ​ចំនួន​ធំ ក៏​បាន​ប្រមូល​សំរាម​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​នៅ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​តូច ដែល​បាន​បន្សល់​សំរាម​នៅ​ពាសពេញ​កន្លែង​អង្គុយ។

គួរ​បញ្ជាក់ថា លទ្ធផល​ប្រកួត​ក្នុង​ពូល J នៃ​វគ្គ​ជម្រុះ AFC U23 Championship គឺ U23 ចិន មាន ៧ ពិន្ទុ, U23 ជប៉ុន មាន ៦ ពិន្ទុ (ជាប់​ក្នុង​នាម​ជា​ក្រុម​លេខ​២ ល្អ​បំផុត​មួយ) U23 កម្ពុជា មាន ៤ពិន្ទុ និង U23 ហ្វីលីពីន ០ ពិន្ទុ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;