សហគមន៍​ចំនួន២ ប្រមូល​ផ្ដុំ​តវ៉ា នៅ​ព្រឹក​នេះ

  • 2017-07-25 03:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កក្កដា​នេះ ប្រជាពលរដ្ឋ​សហគមន៍​ដី​ធ្លី​បឹងកក់ បាន​នាំគ្នា​ដាក់​ញ្ញត្តិ​តាម​ស្ថានទូត​មួយ​ចំនួន​ដូចជា ទូត​ជប៉ុន អាល្លឺម៉ង់ អាមេរិក បារាំង អង់គ្លេស ដើម្បី​សុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់។ ការ​ដើរ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​នេះ គឺ​នៅ​ពេល​ដែល​សាលាឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ២០១៧ ខាង​មុខ​នេះ។ ការ​ដើរ​ដាក់​ញត្តិ​នេះ គឺ​មិនមាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ទេ។

ចំណែក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ប្រជាពលរដ្ឋ​សហគមន៍​ព្រែក​តាគង់១ ស្ថិត​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ និង​ភូមិខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ប្រមាណ ៧០​នាក់ បាននាំ​គ្នា​មក​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ដោះស្រាយ​ការ​កាត់ដី​របស់​អ្នក​សហគមន៍​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អាយ អិន ជី ហូលឌី និង​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី តាម​ចំណាត់ការ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ឲ្យ​សាលា​រាជធានី​ចាត់ចែង​ជូន​ប្រជាសហគមន៍​ទាំងពីរ។ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ ប្រជាពលរដ្ឋ​បាន​លើក​បដា និង​ស្រែក​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​ឲ្យ​ពួក​គាត់។ យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី០២ ខែ​មីនា ឆ្នាំ​២០១៧ របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​លិខិត​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​ពិនិត្យ​ដោះស្រាយ​ករណី​នេះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;