គម្រោង​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ-បាវិត ត្រូវ​សិក្សា​ជាថ្មី ក្រោយ​រដ្ឋាភិបាល​ថា​ថ្លៃ​ពេក

  • 2017-07-25 07:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវល្បឿន​លឿន​ រាជធានី​ភ្នំពេញ -​ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​ដាក់​ឲ្យ​សិក្សា​ក្នុង​អំឡុង​ឆ្នាំ​២០១៥​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុម​អ្នក​ជំនាញ​ការ​ជប៉ុន​សិក្សា​គម្រោង​ឡើង​វិញ ដែល​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​បញ្ចប់​ដំណាក់កាល​សិក្សា​គម្រោង​នៅ​ឡើយ​ទេ។ លោក វ៉ា ស៊ឹមសុរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អះអាងថា គម្រោង​នេះ ត្រូវ​ចំណាយ​ថវិកា​ខ្ពស់​ពេក និង​ត្រូវ​ប្រើ​រយៈពេល​យូរ។

អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា ការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​នេះ នឹង​ត្រូវ​បង្ហាញ​ឡើង ​នៅ​ក្រោយ​រដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវការ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ គឺ​ស្ថិត​ក្នុង​ការ​សិក្សា​គម្រោង​ឡើង​វិញ ទាំង​បច្ចេកទេស និង​តម្លៃ។

យ៉ាងណាក៏ដោយ ការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​អ្នក​ជំនាញ​អះអាងថា មាន​សារៈសំខាន់​ណាស់ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ពី​ភ្នំពេញ ទៅ​កាន់​ព្រំ​ប្រទល់​កម្ពុជា-វៀតណាម ឲ្យ​កាន់​តែ​ងាយ​ស្រួល ស្រប​ពេល​ដែល​ផ្លូវជាតិ​លេខ១ មាន​ការ​មមាញឹក​ខ្លាំង ទាំង​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ និង​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន។

ស្ពាន​អ្នក​លឿង នៃ​ផ្លូវ​ជាតិ​លេខ១ ដែល​ជា​ផ្លូវ​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ព្រំដែន​វៀតណាមនា​ពេល​បច្ចុប្បន្ន
តាម​ការ​សិក្សា​លើក​ទី១ គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ-បាវិត​នេះ មាន​ប្រវែង **១៦០គីឡូម៉ែត្រ** ត្រូវ​ចំណាយ​រហូត​ដល់​ជិត **៣ពាន់​លាន​ដុល្លារ** និង​គ្រោង​បញ្ចប់​នៅ​ **ឆ្នាំ ២០៣៣**។ ក្រៅ​ពី​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត​នេះ រដ្ឋាភិបាល​កម្ពុជា​ ក៏​គ្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​ផងដែរ៕

ចុច​អាន​អត្ថបទ​ទាក់ទង៖

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;