ក្រសួង​ការបរទេស​បកស្រាយ​រឿង​ពលករ​ខ្មែរ​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​នៅ​ថៃ​ ​រង​ការ​គាប​សង្កត់

  • 2017-07-25 12:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​ផ្សាយ​ព័ត៌មាន​ក្នុង Facebook អំពី​ករណី​ពលករ​ខ្មែរ​ចំនួន​៦០០​នាក់ ធ្វើការ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់ ក្នុង​ខេត្ត​ណាខនណាយុគ ​ប្រទេស​ថៃ ​ត្រូវ​ថៅកែ​ថៃ​គាប​សង្កត់ ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ទាក់ទង​ជាមួយ​មន្ទីរ​ការងារ​ខេត្ត​ណាខនណាយុគ ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ​ខែ​កក្កដា ​ឆ្នាំ​២០១៧ ក្រុម​ការងារ​ស្ថានទូត​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កសិដ្ឋាន ​ហើយ​ទទួល​បាន​ព័ត៌មាន​ដូច​ខាង​ក្រោម៖

ថៅកែ​ថៃ​ម្ចាស់​កសិដ្ឋាន“ហ្វាមជុងចារើន” (Farm Jong Charoen) មាន​កសិដ្ឋាន​ចំនួន ៣​កន្លែង នៅ​ក្នុង​ខេត្ត​ណាខនណាយុគ ប្រទេស​ថៃ ដែល​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ប្រមាណ​ជិត​១០០០​នាក់។ ប៉ុន្តែ​ក្រោយ​ការ​ចេញ​ច្បាប់​អំពី​ពលករ​បរទេស​មិន​ស្រប​ច្បាប់ ពលករ​ខ្មែរ​មួយ​ចំនួន​បាន​លា​ឈប់ ដោយ​ភ័យ​ខ្លាច​ការ​ឃាត់​ខ្លួន​និង​ផាក​ពិន័យ ហើយ​បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​នៅ​សល់​ប្រមាណ​៤០០​នាក់ ក្នុង​នោះ​ប្រមាណ​៤០​ភាគរយ ជា​ពលករ​មិន​ស្រប​ច្បាប់។

លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ
ក្រុម​ការងារ​ស្ថានទូត​បាន​ពន្យល់​ថៅកែ​ថៃ ​និង​ពលករ​ អំពី​នីតិវិធី និង​ការ​ចុះ​បញ្ជី​ពលករ​ពុំ​ស្រប​ច្បាប់​នៅ​មន្ទីរ​ការងារ​ខេត្ត ​ពី​ថ្ងៃ ​២៤ ​កក្កដា ដល់​ថ្ងៃ ​៧ ​សីហា ២០១៧ ខាង​មុខ។ ថៅកែ​ថៃ បាន​យល់​ច្បាស់​ពី​វិធានការ​ថ្មី​របស់​ក្រសួង​ការងារ​ថៃ ហើយ​សន្យា​ថា​នឹង​ទៅ​ចុះ​ឈ្មោះ​ពលករ​កម្ពុជា ​តាម​ទី​កន្លែង​និង​កាល​បរិច្ឆេទ​ខាង​លើ។ ​បន្ទាប់​ពី​នោះ ពលករ​នឹង​បន្ត​រង់ចាំ​ក្រុម​ការងារ​ផ្តល់​ភាព​ស្រប​ច្បាប់​កម្ពុជា ​ចុះ​ទៅ​ធ្វើ​លិខិត​ធ្វើ​ដំណើរ​ជូន ​នា​ពេល​ខាង​មុខ ក្នុង​លិខិត​ធ្វើ​ដំណើរ​មួយ​ថ្លៃ ២៣៥០​បាត (៧៥ ​ដុល្លារ) ដើម្បី​អាច​ទទួល​បាន​ទិដ្ឋាការ​ស្នាក់នៅ ​និង​ប័ណ្ណ​ការងារ​ស្រប​ច្បាប់ នៅ​ក្នុង​មជ្ឈមណ្ឌល​ចេញចូល​តែ​មួយ​របស់​ក្រសួង​ការងារ​ថៃ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​បាន​បញ្ជាក់​ថា ​តាម​ព័ត៌មាន​ទទួល​បាន​ពី​ពលករ ​ថៅកែ​ពុំ​បាន​ជិះ​ជាន់ ឬ​គាប​សង្កត់​កម្លាំង​ពលកម្ម​ទេ។ ​ពលករ ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី​១៨០-៣២០​ដុល្លារ។ ​ថៅកែ​បាន​ផ្តល់​ប្រាក់​ខែ កន្លែង​ស្នាក់នៅ និង​ហូបចុក ​ដោយ​ពុំ​គិត​ថ្លៃ​ដល់​ពលករ​ទៀត​ផង។ ចំពោះ​សមាជិក​គ្រួសារ​ក្នុង​បន្ទុក​របស់​ពលករ កសិដ្ឋាន​អនុញ្ញាត​ឲ្យ​ស្នាក់​អាស្រ័យ​និង​ហូប​ចុក​ជាមួយ ​ដោយ​កាត់​ប្រាក់ខែ​ ​៥០០​បាត ​សម្រាប់​ប្តី/ប្រពន្ធ​របស់​ពលករ ​និង ២០០​បាត សម្រាប់​កុមារ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;