"កម្ពុជា​មិន​បាន​យក​ទារក​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ធ្វើ​អាជីវកម្ម​ទេ"

  • 2017-07-25 13:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រឡា​ហោម ​ស ខេង ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ បាន​ដឹកនាំ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ស្តី​ពី​បែប​បទ និង​នីតិវិធី​សម្រាប់​ការ​ស្នើ​សុំ​ទារក ករណី​ពពោះ​ជំនួស ដើម្បី​យក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស។ ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​នេះ ​ធ្វើ​នៅ​ក្រសួង​មហាផ្ទៃ ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ​ខែ​កក្កដា ឆ្នាំ​២០១៧ ដោយ​មាន​ការ​ចូល​រួម​ពី​ឯក​អគ្គ​រដ្ឋទូត ​និង​តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ​និង​មន្ត្រី​ក្រសួង ស្ថាប័ន​ដែល​ពាក់​ព័ន្ធ។

លោក​ស្រី ​ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​មាន​ប្រសាសន៍​ថា ​នេះ​គឺជា​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ផ្តល់​សុវត្ថិភាព​ដល់​ទារក​ដែល​កើត​ឡើង​ពី​ការ​ពពោះ​ជំនួស ​ដែល​កន្លង​មក​នេះ រាជរដ្ឋាភិបាល​បាន​ចេញ​ជា​គោលការណ៍​ណែនាំ​មួយ​អនុញ្ញាត​ឲ្យ​នាំ​ទារក​ចេញ​ទៅ​ចិញ្ចឹម​ក្រៅ​ប្រទេស​ ​ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នក​ដែល​ជា​ឪពុក​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា ត្រូវ​ហ៊ាន​ចេញ​មុខ​ស្នើសុំ ​បញ្ជាក់​អំពី​គោល​បំណង ​និង​ការ​ធានា​ណា​មួយ​ថា គាត់​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ចិញ្ចឹម​កូន និង​យក​កូន​នោះ​ទៅ​ចិញ្ចឹម​ជា​កូន​របស់​គាត់​ពិត​ប្រាកដ។

លោកស្រី ជូប៊ុនអេង បាន​បញ្ជាក់​ថា ​គោលបំណង​សំខាន់ ​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ដល់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា (ចំនួន​១៩ ​ចូលរួម​ប្រជុំ) ឲ្យ​ដឹង​រឿង​នេះ ​កុំ​ឲ្យ​មាន​ន័យ​ថា ​ស្ថានទូត​អត់​ដឹង​រឿង តែ​តាម​ពិត​បាន​ផ្សព្វផ្សាយ​រួច​ហើយ​តាម​រយៈ​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរ​ជាតិ។ ជា​ពិសេស​នោះ គឺ​ចង់​ឲ្យ​ស្ថានទូត​នៃ​ប្រទេស​ជា​មិត្ត ឲ្យ​យល់​ពី​នីតិវិធី​នៅ​កម្ពុជា​ ​និង​សហការ​គ្នា ​នៅក្នុង​គោល​បំណង​មួយ នៃ​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ទាំង​អស់​គ្នា៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;