ក្រសួងបរិស្ថាន អះអាងថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំ លែងកើតមាននៅកម្ពុជាទៀតហើយ
- 2017-08-17 13:18:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបរិស្ថាន អះអាងថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំ លែងកើតមាននៅកម្ពុជាទៀតហើយ
ចន្លោះមិនឃើញ
ក្រោយពីមានអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចុះផ្សាយអំពីទិន្នន័យនៃបទល្មើសព្រៃឈើ និងការនាំចេញឈើទៅក្រៅប្រទេស ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី១៧ ខែសីហានេះ ច្រានចោលការចុះផ្សាយទាំងនោះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងបរិស្ថាន បានអះអាងថា បទល្មើសព្រៃឈើទ្រង់ទ្រាយធំ លែងកើតមានទៀតហើយនៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា កំពុងបន្តទប់ស្កាត់ និងលុបបំបាត់បទល្មើសព្រៃឈើទ្រង់ទ្រាយមធ្យម និងតូច និងពង្រឹងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិឱ្យបានកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា អត្រាបាត់បង់គម្របព្រៃឈើជាមធ្យមប្រចាំឆ្នាំប្រមាណ 0,៦២% ហើយក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ២០១៤-២០១៦ អាត្រានៃការបាត់បង់គម្របព្រៃឈើប្រចាំឆ្នាំបានធ្លាក់ចុះមកនៅកម្រិត ០,៣%។ លទ្ធផលបឋមនៃការវាយតម្លៃគម្របធនធានព្រៃឈើកម្ពុជាឆ្នាំ២០១៦ បានបង្ហាញថា ផ្ទៃដីគម្របព្រៃឈើសរុបនៅកម្ពុជា មានចំនួនប្រមាណ ៤៥,២៦% ធៀបនឹងផ្ទៃដីប្រទេស។
ក្រសួងបានបញ្ជាក់ទៀតថា អត្រាថយចុះនៃការបាត់បង់គម្របព្រៃឈើនេះ គឺដោយសារតែប្រសិទ្ធភាពនៃការអនុវត្តកំណែទម្រង់លើការការពារ និងគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ការដាំព្រៃឈើឡើងវិញនៅតំបន់រេចរឹលមួយចំនួន ក៏ដូចជាការចូលរួមពីសហគមន៍មូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ៕