ស្ករត្នោតគ្មាន​ជាតិ​គីមី ផលិត​បាន​តែ ៥​ខែប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ

  • 2017-08-17 14:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ករត្នោត ដែល​ផលិត​ដោយ​ប្រជា​សហគមន៍ តាម​បែប​ប្រពៃណី និង​ធម្មជាតិ ដោយ​មិន​ប្រើប្រាស់​សារជាតិ​គីមី គឺ​រដូវកាល​ផលិត បាន​ត្រឹម​តែ ៥ខែ​ប៉ុណ្ណោះ ក្នុង១ឆ្នាំ ដោយ​ចាប់ពី​ខែមករា ដល់​ខែឧសភា។

លោក កែវ ចិត្រ នាយក​ប្រតិបត្តិ​ស្ករត្នោត​ធម្មជាតិ​សញ្ញា​ត្នោត​មាស បាន​ឲ្យដឹង​ថា សព្វ​ថ្ងៃនេះ ស្ករ​ត្នោត ដែល​ក្រុមហ៊ុន​របស់​លោក​ទទួល​ទិញ​ផ្ទាល់​ពីប្រជា​សហគមន៍ កំពុង​លក់​នៅ​ផ្សារ​ទំនើប ចំនួន ៩០ នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​នៅ​រាជធានី​ភ្នំពេញ។ ស្ករត្នោត​ទាំងនោះ ក៏ត្រូវ​បាន​ស្តុក​ទុក​ចំនួន ១០តោន នៅ​តាម​សហគមន៍​ផង​ដែរ ដើម្បី​បម្រើ​ឲ្យការ​ផ្គត់ផ្គង់​ទីផ្សារ បន្ទាប់​ពីផុត​រដូវ​ផលិត​ស្ករ​ត្នោត។

លោក កែវ ចិត្រ បន្តថា ក្រុមហ៊ុន​ត្នោតមាស​របស់​លោក បាន​ទិញ​​ស្ករ​ត្នោត ពីប្រជា​សហគមន៍ ក្នុង​តម្លៃ ១ គីឡូក្រាម ៣៦០០រៀល។ ប្រជា​សហគមន៍ ដែល​ផលិត​ស្ករ​ត្នោត លក់​ឲ្យក្រុមហ៊ុន​របស់​លោក មាន​នៅ​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ។ ប្រជា​កសិករ ដែល​បាន​ចងក្រង​ជា​សហគមន៍​ផលិត​ស្ករ​ត្នោត ត្រូវធ្វើ​តាម​ស្តង់ដារ​របស់​ត្នោត​មាស ដោយ​គិត​ពីការ​ថែរក្សា​សុខភាព​របស់​ប្រជា​ពលរដ្ឋ តាម​រយៈ​ការ​មិន​ប្រើប្រាស់​ថ្នាំ​គីមី មិន​ប្រើប្រាស់​ស្ករស និង​មិន​លាយ​ពណ៌ ជាដើម ពោល​គឺប្រជា​កសិករ ត្រូវ​រំងាស់​ទឹក​ត្នោត រីង​អស់ បាន​ស្ករ​ប៉ុណ្ណា គឺ​ប៉ុណ្ណឹង។

ជាមួយ​គ្នានោះ ប្រធាន​ក្រុមហ៊ុន​ស្ករត្នោត​ធម្មជាតិ សញ្ញា​ត្នោតមាស ក៏បាន​លើក​ឡើង​ពីបញ្ហា​ប្រឈម​មួយ​ចំនួន​របស់​ផលិតផល​ស្ករ​ត្នោត​ផងដែរ គឺការ​កាប់​ដើម​ត្នោត កសិករ​បោះបង់​មុខរបរ​ឡើងត្នោត ការធ្វើ​ចំណាក​ស្រុក និង​ការ​ផលិត​ស្ករត្នោត​ចំណាយ​ថ្លៃដើម​កាន់​តែ​ឡើង​ខ្ពស់ ដោយ​ប្រជា​កសិករ ពិបាក​រក​អុស ដើម្បី​ដុត​រំងាស់​ទឹកត្នោត ជា​ដើម៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;