ម្រេចកំពត មាន​៣​ប្រភេទ នាំចេញ​ទៅ​អឺរ៉ុប អាមេរិក ជប៉ុន និង​ចិន

  • 2017-08-21 14:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្រេច​កំពត មាន ៣ ប្រភេទ រួមមាន៖ ម្រេចខ្មៅ ម្រេចក្រហម និងម្រេចស។ ម្រេច​កំពត ទាំង ៣ប្រភេទ​នេះ ត្រូវបាន​នាំចេញ​ទៅលក់​នៅអឺរ៉ុប អាមេរិក ជប៉ុន និង​កំពុង​ពង្រីក​ទីផ្សារ ទៅកាន់​ប្រទេសចិន។

លោក ហ៊ួត ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត បាន​ឲ្យដឹង​ថា តម្លៃ​ម្រេច​កំពត មាន​តម្លៃ​ខុសគ្នា ទៅតាម​ប្រភេទ​នីមួយៗ ក្នុងនោះ តម្លៃ ១៥​ដុល្លារ ក្នុង​មួយ​គីឡូក្រាម សម្រាប់​ម្រេចខ្មៅ ២៥ ដុល្លារ សម្រាប់​ម្រេចក្រហម និង ២៨​ដុល្លារ សម្រាប់​ម្រេច​ស។

លោក ហ៊ួត ឡាយ មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ផ្ទៃដី​ដាំម្រេច​ជាង ២០០​ហិកតា គឺ​ដំណាំ​ម្រេចជាង ១០០ ហិកតា កំពុង​ត្រៀម​ប្រមូល​ផល។ ក្នុង​រយៈពេល ៨​ខែ ក្នុងឆ្នាំ​២០១៧​នេះ ប្រជា​កសិករ បាន​ប្រមូលផល​ម្រេច​កំពត ដែលមាន​គុណភាព​ខ្ពស់បាន ៨០​តោន ក្នុងនោះ ជាង ៤០ តោន ត្រូវបាន​លក់​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ម្រេច​កំពត ត្រូវបាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ក្នុងឆ្នាំ​២០១៦។ ការចុះ​បញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះ នាំឲ្យ​ម្រេច​កំពត ត្រូវបាន​ការពារ និង​ទទួល​បានការ​បន្ថែម​គុណ​តម្លៃ​ទៅលើ​កេរ្តិ៍ឈ្មោះ ជា​ប្រពៃណី​របស់​ម្រេចកំពត។

ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ខេត្ត​កំពត​នេះ បាន​រក​ចំណូល​ប្រចាំឆ្នាំ​ប្រហែល ១លាន​ដុល្លារ។ បច្ចុប្បន្ន សមាគម​ម្រេច​កំពត មាន​សមាជិក​កើនដល់​ជិត ៤០០​គ្រួសារ និង​កំពុង​សហការ​ជាមួយ​ដៃគូ​វេចខ្ចប់​ក្នុងស្រុក ចំនួន ២១​ក្រុមហ៊ុន សម្រាប់​នាំចេញ​ទៅផ្សារ​អន្តរជាតិ។

ចម្ការ​ម្រេច​កំពត ស្ថិតក្នុង​ភូមិ​អង្គរជ័យ ឃុំ​ដំណាក់​កន្ទួតត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែលមាន​ចម្ងាយ​ប្រមាណ ៧៥​គីឡូម៉ែត្រ ភាគខាងត្បូង​ទីរួមខេត្ត​កំពត។ សព្វថ្ងៃ​ផ្ទៃដី​ដំណាំ​ម្រេច​កំពត ត្រូវបាន​ពង្រីក​ពីជាង ១០​ហិកតា ក្នុង​អំឡុងឆ្នាំ​២០០៨ ទៅដល់​ជាង ២០០ ហិកតា ក្នុងឆ្នាំ​២០១៧ នេះ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;