ផ្លូវការ! Zlatan ចុះកុងត្រា​នៅ​បិសាច​ក្រហម​ជាថ្មី

  • 2017-08-24 13:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic នឹង​បន្ត​អាជីព​បាល់ទាត់​នៅ​ក្លឹប​បិសាច​ក្រហម Manchester United ដោយ​ចុះ​កុងត្រា​រយៈពេល ១ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​វិបសាយ​ផ្លូវការ​របស់​ក្លឹប។

កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ ចូល​លេង​ឲ្យ Man Utd ៤៦ប្រកួត និង​ស៊ុត​បញ្ចូល​ទី​ ២៨គ្រាប់​អំឡុង​រដូវកាល ២០១៦-២០១៧ មុន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ មិន​អាច​លេង​ដល់​ចប់​រដូវកាល។

ក្រោយ​ចុះកុងត្រា​ថ្មី​នេះ Zlatan បាន​និយាយថា៖ "ខ្ញុំ​ត្រឡប់​មក​វិញ​ដើម្បី​បញ្ចប់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម។ ខ្ញុំ​អន្ទះសារ​ចង់​ជាន់​ទីលាន​ Old Trafford ជាថ្មី ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ខ្ញុំ​រួចរាល់​ក្នុង​ការ​ចាប់​ផ្ដើម​ជាថ្មី។ ខ្ញុំ​ប្រឹងប្រែង​ខ្លាំង​ណាស់​មួយរយៈ​នេះ ហើយ​នឹង​ប្រឹង​​បន្ត​ទៀត មុន​វិល​ចូល​ទីលាន​វិញ"។

ចំណែក​អ្នក​ចាត់ការ​ក្លឹប លោក Jose Mourinho បាន​ថ្លែង​ឲ្យ​ដែរ​ថា៖ "យើង​រីករាយ​ណាស់​ដែល Zlatan កាន់​តែ​ជិត​ជាសះស្បើយ ហើយ​យើង​រីករាយ​ណាស់​ដែល​អាច​ទទួល​យក​មហិច្ឆតា និង​បទពិសោធន៍​របស់​គាត់ ត្រឡប់​មក​កាន់​ក្លឹប​វិញ។ ក្រោយ​ការ​រួម​ចំណែក​របស់​គាត់​កាលពី​រដូវកាល​មុន គាត់​សម​នឹង​ទទួល​បាន​ការ​ទុក​ចិត្ត ហើយ​យើង​នឹង​អត់ធ្មត់ ដើម្បី​រង់ចាំ​គាត់​ចូល​លេង​វិញ។ ខ្ញុំ​ច្បាស់​ណាស់​ថា​គាត់​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់ នា​ពាក់​រដូវកាល​ចុងក្រោយ"។

Zlatan នឹង​ពាក់​អាវ​លេខ ១០ របស់ Wayne Rooney ដែល​ចាកចេញ​ទៅ Everton ក្រោយ​ពី​អាវ​លេខ ៩ របស់​គេកាលពី​រដូវកាល​មុន ត្រូវ​បាន​ពាក់​ដោយ Romelu Lukaku៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;