សេវា​ឡាន​ក្រុង​សាធារណៈ នៅ​ភ្នំពេញ នឹង​បង្ហាញ​តាម APP ក្នុង​ទូរស័ព្ទ​ដៃ

  • 2017-08-28 23:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​បង្កើត​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន APP ដើម្បី​បង្ក​លក្ខណៈ ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ។

បន្ទាប់ពី​កិច្ច​ប្រជុំ​ស្តីពី​ស្ថានភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង (City Bus) កាលពី​ព្រឹក​ថ្ងៃ​ទី២៨ ខែ​សីហា ២០១៧ លោក មាស ម៉េតភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យដឹង​ថា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ សាលា​រាជធានី​ភ្នំពេញ នឹង​បង្កើត​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន (APP) ដែល​មាន​បង្ហាញ​ពី​ពេលវេលា ទីតាំង​ចំណត និង​តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​របស់​រថយន្ត​ក្រុង ដែល​ប្រតិបត្តិការ​លើ​ខ្សែ​រត់​ទាំង​៨ ក្នុង​រាជធានី​ភ្នំពេញ។

លោក មាស ម៉េតភក្តី បន្ត​ថា ក្រៅ​ពី​ការ​គ្រោង​បង្កើត​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដៃ ស្មាតហ្វូន (APP) សាលា​រាជធានី​ភ្នំពេញ​ក៏​នឹង​គ្រោង​បង្កើត​ប្រព័ន្ធ​ទូទាត់​បែប​អេឡិចត្រូនិក ដោយ​ប្រែ​ពី​ការ​ទូទាត់​ជា​សាច់ប្រាក់ មក​ជា​ការ​ឆូត​កាត​វិញ​ម្តង។

រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​កែ​សម្រួល និង​បន្ថែម​តម្រាយ​ខ្សែ​រត់ថ្មី​ដល់​រថយន្ត​ក្រុង​សាធារណៈ នៅ​ភ្នំពេញ សរុប​មាន ៨​ខ្សែ​រត់។ ក្នុង​នោះ ការ​កែសម្រួល​តម្រាយ​ផ្លូវ នៃ​ខ្សែ​រត់​ចាស់ ៤​ខ្សែ សម្រាប់​រថយន្ត​ក្រុង​សាធារណៈ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៧ រថយន្ត​ក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ នឹង​ថែម​ខ្សែ​រត់ ៤ ខ្សែ​ទៀត។

ប្រតិបត្តិការ​សេវា​ដឹក​ជញ្ជូន​លើ ៨​ខ្សែ​រត់​នេះ រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង គ្រោង​ប្រើប្រាស់​រថយន្ត​ក្រុង​សរុប ១៥០​គ្រឿង។ ក្នុង​នោះ សម្រាប់​មនុស្ស​ចាស់ សិស្ស និស្សិត ជនពិការ និង​ព្រះសង្ឃ ជិះ​រថយន្ត​ក្រុង​សាធារណៈ​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​មិនគិតថ្លៃ។ កាលពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៧ ប្រមុខ​រាជរដ្ឋាភិបាល ក៏​បាន​ប្រកាស​ឲ្យ​កម្មករ​កាត់ដេរ​ទាំងអស់ ជិះ​រថយន្ត​ក្រុង​សាធារណៈ​នេះ ដោយ​ឥត​គិត​ថ្លៃ រយៈ​ពេល ២​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;