រុស្ស៊ី រៀបចំ​​ប្ដឹង​អាមេរិក ពាក់ព័ន្ធ​ការ​រំលោភ​ច្បាប់​ការទូត

  • 2017-09-06 04:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ កំពុង​រៀប​ចំ​នីតិវិធី ដើម្បី​ប្ដឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ដក​ហូត​ទ្រព្យ​សម្បត្តិ​របស់​កុងស៊ុល​រុស្ស៊ី នៅ​ក្នុង​ទឹកដី​របស់​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​រុស្ស៊ី ក្រោយ​ជំនួប​តាម​ទូរសព្ទ​រវាង​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី និង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson។

រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov (ឆ្វេង) ​និង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក Rex Tillerson (ស្ដាំ)
គម្រោង​ប្ដឹង​របស់​រុស្ស៊ី​នេះ គឺ​ក្រោយ​សេតវិមាន​អាមេរិក កាលពី​ថ្ងៃ​ទី៣១ សីហា ២០១៧ បាន​ទុក​ពេល ៧២​ម៉ោង ឲ្យ​មន្រ្តី​កុងស៊ុល​រុស្ស៊ី​នៅ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ចាកចេញ​ពី​ទី​នោះ។ ខាង​ភាគី​រុស្ស៊ី​បញ្ជាក់​ថា ក្រោយ​ការ​ចាកចេញ កុងស៊ុល​នោះ ត្រូវ​បានខាង​ភាគី​អាមេរិក​​បើក​ការ​ស្រាវជ្រាវ ដែល​នេះ រំលោភ​លើ​អនុសញ្ញា​ទីក្រុង​វ្យែន ស្ដីពី​ទំនាក់ទំនង​ការទូត។

ចំណែក​ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ទី០៥ ខែ​កញ្ញា ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀ ពូទីន ក៏​បាន​ព្រមាន​បណ្ដេញ​មន្រ្តី​ទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​បន្ថែម​ទៀត ដោយ​មក​នៅ​ត្រឹម​ចំនួន ១៥៥​នាក់​ប៉ុណ្ណោះ ជា​ការ​ឆ្លើយ​តប​នឹង​ការ​បិទ​កុងស៊ុល​រុស្ស៊ី​ចំនួន ៣​កន្លែង នៅ​ក្នុង​ទឹកដី​អាមេរិក៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;