តើការបោះបាយបិណ្ឌ ចាប់ផ្តើមជាផ្លូវការនៅពេលណា?
- 2017-09-06 04:33:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការបោះបាយបិណ្ឌ ចាប់ផ្តើមជាផ្លូវការនៅពេលណា?
ចន្លោះមិនឃើញ
ព្រះភិក្ខុ វ៉ង់ សុភស្ត ដែលជាសាស្រ្តាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិកសាលកវិទ្យាព្រះសីហនុរាជ បានមានសង្ឃដីកាថា ក្នុងសម័យពុទ្ធកាលមិនមានការបោះបាយបិណ្ឌនោះទេ ហើយថាការបោះបាយបិណ្ឌនេះជាជំនឿរបស់ខ្មែរយើង និងចាប់ផ្តើមមានជាផ្លូវការនៅឆ្នាំ១៩៤៨ ក្នុងរាជព្រះបាទអង្គឌួង។
ព្រះភិក្ខុ វ៉ង់ សុភស្ត មានសង្ឃដីកាពន្យល់ថា ក្នុងគម្ពីព្រះពុទ្ធសាសនាបានសម្តែងអំពីកំណើតក្នុងអបាយភូមិ កន្លែងដែលមិនរីកចម្រើន ឬមិនអាចសាងនូវវប្បធម៌បាន ក្នុងនោះមានកំណើតនរក ប្រែត អសុរកាយ និងកំណើតសត្វតិរច្ឆាន ហើយមានតែកំណើតសត្វតិរច្ឆានទេដែលគេអាចមើលឃើញ ចំណែកកំណើត៣ទៀតមិនអាចមើលឃើញនោះទេ។
ព្រះអង្គបន្តថា ការបោះបាយបិណ្ឌជាការប្រមូលពុទ្ធបរិស័ទ ពិសេសយុវជនឲ្យចូលមកវត្តដើម្បីស្តាប់ព្រះធម៌ និងការទូន្មានអប់រំរបស់ព្រះសង្ឃ ឲ្យយុវជនទាំងនេះប្រព្រឹត្តនូវអំពើល្អ និងប្រាសចាសនូវអំពើអាក្រក់នានា។ ព្រះអង្គមានសង្ឃដីកាបន្ថែមៈ «ជាការពិតហើយបើកាលណាយើងយកបាយទៅបោះពាសវាលពាសកាល វាធ្វើឲ្យខាតផ្នែកសេដ្ឋកិច្ចមែន... ប៉ុន្តែបើការណ៍ខ្លះយើងមិនបោះទុន មិនចំណាយខ្លះក៏វាអត់បានប្រយោជន៍មកវិញ...អាត្មាគិតថាដូនតាយើងបង្កើតពិធីហ្នឹងឡើងដើម្បីប្រមូលមនុស្សឲ្យចូលវត្ត...ថ្វាយបង្គុំព្រះ សុំសីល ហើយស្តាប់ឱវាទព្រះសង្ឃ»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែកញ្ញា ២០១៧នេះ គឺជាថ្ងៃកាន់បិណ្ឌ១ ដែលប្រជាពលរដ្ឋខ្មែរបានក្រោកតាំងពីព្រឹកទាបភ្លឺទៅវត្តអារាម ដើម្បីបោះបាយបិណ្ឌ រៀបចំបង្កាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសល ដល់ញាតិមិត្តបងប្អូន ដែលបានចែកឋានទៅ៕