«ឃ្នាប​សក់»​ចេញ​ផ្សាយ​ព្រឹក​មិញ​នេះ​ឯង តោះ​ទៅ​អាន!

  • 2017-09-08 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ឃ្នាបសក់​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ពៅសុខ ចេញ​ផ្សាយ​ព្រឹក​នេះ​នៅ​លើ​ប្រលោមលោក​Sabay ដែល​រឿង​នេះ​និយាយ​ពី​គូស្នេហ៍​មួយ​គូ បាន​ជួប​គ្នា​ព្រោះ​តែ​ឃ្នាប​សក់។ ចង់​ដឹង​សាច់រឿង​ទៅ​មុខ​ទៀត​យ៉ាង​ណា​ខ្លះ តោះ​ទៅ​អាន​ទាំង​អស់​គ្នា!

រាត្រី​ដ៏​ត្រេកត្រអាល អាកាសធាតុ​ត្រជាក់​ចោល​រស្មី​ភ្លឺ​ព្រាលៗ​ចូល​តាម​ចន្លោះ​បង្អួច​កញ្ចក់​បន្ទប់​គេង​របស់​ខ្ញុំ​ដែល​បើក​ចំហ ដើម្បី​ឱ្យ​ខ្យល់​ចូល។ ស្បៃ​រាត្រី ដែល​ប្រគំ​ទៅ​ដោយ​សំឡេង​សត្វល្អិត​លាយ​ឡំ​នឹង​សំឡេង​ស្ងាត់​ជ្រងំ​នៃ​ធម្មជាតិ ខ្ញុំ​ស្លៀក​រ៉ូប​ស្ដើង​ពណ៌​ផ្កា​កុលាប អង្គុយ​ផ្អែក​ខ្នង​ទៅ​នឹង​ក្បាល​គ្រែ ដែល​រចនា​ឡើង​ពី​ឈើ​មានតម្លៃ និង​មាន​ក្បាច់ក្បូរ​តាម​របៀប​ខ្មែរ​យ៉ាង​ល្អ​ប្រណីត។

ដៃ​ខ្ញុំ​ម្ខាង​កាន់​កូន​កាំបិត​ចុង​ស្រួច ដៃ​ម្ខាង​កាន់​ប៉ោម និង​ចិត​សម្បក​វា​សើៗ រួច​ពុះ​ជា​បួន​ដាក់​ទៅ​ក្នុង​ចាន​ប៉កសាឡែន​លាត គ្មាន ក្បាច់ ដែល​ដាក់​ក្បែរ​ជើង​ខ្ញុំ។

ពន្លឺ​ស្រគាំ​នៃ​អំពូល​គោម​ចាប់​ជាប់​ពិដាន​ខាង​លើ​នៃ​បន្ទប់ បង​វាសនា ដែល​ស្លៀក​ខោខ្លី​ឆ្នូត​ស​ត្រឹម​ភ្លៅ ពាក់​អាវយឺត​វាល​ក្លៀក បាន​កាន់​នូវ​ប្រអប់​កាដូ​ពណ៌​ក្រហម​ទំហំ​ប្រហែល​មួយ​តឹក​បួន​ជ្រុង មក​អង្គុយ​ជិត​ខ្ញុំ។ គាត់​អង្គុយ​មើល​មុខ​ខ្ញុំ​ដោយ​ក្ដី​ស្រលាញ់។ កែវភ្នែក​របស់​គាត់​បង្ហាញ​ពី​ទឹកចិត្ត​នៃ​ភក្ដីភាព និង​ស្មោះស្ម័គ្រ​ចំពោះ​ខ្ញុំ។

ខ្ញុំ​ឈោង​ដៃ​លូក​យក​ចំណិត​ប៉ោម ដែល​ចិត​រួច​មួយ​ចំណិត​ហុច​ទៅ​ឱ្យ​គាត់។ គាត់​ញញឹម​នៅ​ស្ងៀម​មើល​មុខ​ខ្ញុំ តែ​មិន​ព្រម​ទទួល​ទេ។ ខ្ញុំ​ក៏​យក​ចំណិត​ប៉ោម​នេះ ដាក់​ទៅ​ក្នុង​មាត់​គាត់ ទើប​គាត់​ព្រម​ហារ​ខាំ​រួច​ទំពា​វា។ បង​វាសនា​មាន​រាង​សង្ហា​ណាស់។ គេ​មាន​កម្ពស់​មួយ​ម៉ែត្រ​ចិតសិប សាច់​ដុំ​មាំ ទម្រង់​មុខ​ពិត ជា​កូន​ខ្មែរ។ យូរ​បន្តិច ពេល​គេ​ទំពា​ប៉ោម​អស់ ទើប​គេ​ហុច​កាដូ​នោះ​ឱ្យ​មក​ខ្ញុំ។ គេ​ប្រាប់​ខ្ញុំ​ថា កាដូ​នេះ​មាន​តម្លៃ​គិត​ជា​លុយ​គឺ​ថោក​ទេ តែ​បើ​គិត​អំពី​អត្ថ​ន័យ​និង​សារសំខាន់​របស់​វា វា​មានតម្លៃ​ខ្លាំង​ណាស់​សម្រាប់​គេ ជា​ពិសេស​ទាក់ទង​ជាមួយ​ខ្ញុំ​តែ​ម្ដង។

ខ្ញុំ​មិន​យល់​និង​ដឹង​ថា តើ​អត្ថន័យ​និង​សារប្រយោជន៍​នោះ​វា​សំខាន់ និង​មាន​ន័យ​សម្រាប់​គេ​យ៉ាង​ណា​ទេ តែ​បន្ទាប់ពី​ទទួល​វា​ពី​គេ​មក ខ្ញុំ​បាន​បើក​វា​ថ្នមៗ​និង​ពិនិត្យ​មើល​យឺតៗ​ដើម្បី​ចង់​ដឹង​ថា វា​ជា​របស់​អី? ហេតុ​អី​ក៏​សំខាន់​និង​មាន​ន័យ​ចំពោះ​គេ។

មុន​ពេល​បាន​ឃើញ​វា​ខ្ញុំ​មាន​អារម្មណ៍​គិត​ថា យ៉ាងហោចណាស់ បើ​វា​មិនមែន​ជា​ខ្សែ​ដៃ​ពេជ្រ ក៏​វា​ជា​ចិញ្ចៀន​ពេជ្រ ឬ​ជា​ក្រវិល​ដែល​ដាំ​ដោយ​ត្បូង​ពេជ្រ​មាន​តម្លៃ​ដែរ ព្រោះ​នេះ​ជា​រាត្រី​ទី​បី​នៃ​រាត្រី​ទឹក​ឃ្មុំ​របស់​ពួក​យើង ដែល​បាន​មក​រស់​នៅ​ជាមួយគ្នា ក្រោយពី​បាន​រៀប​អាពាហ៍ពិពាហ៍ តាម​បែប​ប្រពៃណី​ខ្មែរ​ផង តាម​បែប​អឺរ៉ុប​គឺ​គ្រឹះ​សាសនា​ផង។ តែ​អ្វីៗ​មិន​ដូច​ការ​គិត​របស់​ខ្ញុំ​នេះ​ទេ វា​គ្រាន់តែ​ជា​ឃ្នាប​សក់​ដែល​ច្នៃ​ឡើង​អំពី​ត្រឡោក​ដូង និង​មាន​ក្បូរក្បាច់​ជា​រូប​អង្គរវត្ត​តែ​ប៉ុណ្ណោះ។

ចុច​អាន​បន្ត


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ ខ្មៅ

អត្ថបទថ្មី
;