គោព្រៃ​កម្ពុជា ត្រូវ​សារព័ត៌មាន​បរទេស​ផ្ដល់​កម្រិត B- នៅ​ជម្រុះ AFC Asian Cup

  • 2017-09-09 06:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​របស់​សារព័ត៌មាន Fox Sports Asia បាន​ផ្ដល់​ចំណាត់ថ្នាក់​កម្រិត B- ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គិត​ត្រឹម​ពាក់​កណ្ដាល​ផ្លូវ​នៃ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ វគ្គ​ជម្រុះ AFC Asian Cup 2019 បន្ទាប់​ពី ៣​ប្រកួត​កន្លង​ទៅ ឈ្នះ ១ និង ចាញ់ ២។

ក្រុម​ដែល​មាន​រហស្សនាម​ថា​ គោព្រៃ បាន​ចាញ់​ក្រុម​ហ្សកដានី ក្នុង​ប្រកួត​ទី​មួយ ដោយ​លទ្ធផល ៧-០ ឈ្នះ​អាហ្វហ្គានីស្ថាន ១-០ ក្នុង​ប្រកួត​ទីពីរ និង​ចាញ់​វៀតណាម ក្នុង​លទ្ធផល ១-២ នៅ​ក្នុង​ប្រកួត​ទីបី កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។ ដូច្នេះ កម្ពុជា នៅ​សល់ ៣​ប្រកួត​ទៀត​នៅ​ជើង​ទី​ពីរ ក្នុង​ពូល C ដោយ​ត្រូវ​ជួប​វៀតណាម នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៧, ទទួល​ក្រុម​ភ្ញៀវ ហ្សកដានី នៅ​ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង ប៉ះ​អាហ្វហ្គានីស្ថាន​ជា​ថ្មី ជា​ការ​ប្រកួត​ចុងក្រោយ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៨។

ប្រភព​ដដែល បាន​បញ្ជាក់​ថា គោព្រៃ​កម្ពុជា ត្រូវ​ការ​ឈ្នះ​ជា​ចាំបាច់​នៅ​ក្នុង​ផ្ទះ​របស់​វៀតណាម ដើម្បី​បន្ត​ក្ដី​សង្ឃឹម ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ AFC Asian Cup 2019 ដែល​នឹង​រៀបចំ​ដោយ​ប្រទេស​ចិន។

Fox Sport Asia ក៏​បាន​រម្លឹក​ពី​ ចាន់ វឌ្ឍនាកា និង​ប្រាក់ មុន្នីឧត្តម ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ ជា​ពិសេស ក្នុង​នាម​ជា​ខ្សែ​បម្រើ​ម្នាក់ ឧត្តម ជា​អ្នក​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​ទៅ​លើ​ក្រុម​អាហ្វហ្គានីស្ថាន និង​ជា​គ្រាប់​ជ័យជម្នះ​របស់​កម្ពុជា​ផង​ដែរ។

ក្រៅ​ពី​កម្ពុជា ដែល​ទទួល​បាន​កម្រិត B- ក៏​មាន​ក្រុម​ហ្វីលីពីន ទទួល​បាន A , សិង្ហបុរី បាន ​C, វៀតណាម បាន​ A, ម៉ាឡេស៊ី បាន C និង​មីយ៉ាន់ម៉ា ទទួល​បាន ​B+ ៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;