ស្ករ​ត្នោត​ត្រូវប៉ាន់ អ្នក​ឡើង​ត្នោត​នៅ​កំពង់ស្ពឺ រក​ចំណូល​បាន​ដល់ ៣ពាន់​ដុល្លារ

  • 2017-09-12 02:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ករ​ត្នោត​នៅ​ខេត្ត​កំពង់ស្ពឺ កំពុង​ត្រូវប៉ាន់​ខ្លាំង​នា​រដូវ​ប្រមូល​ផល​ស្ករ​ត្នោត​ ឆ្នាំ​២០១៧ នេះ។ លោក សំ សារឿន ប្រធាន​សមាគម​លើក​កម្ពស់​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ករត្នោត​របស់​សមាគម​ មាន​ក្រុមហ៊ុន​ដល់​ទៅ ៨ រង់ចាំ​ទទួល​ទិញ​យក​ទៅ​កែច្នៃ​ទៅ​ជា​ម្សៅ​ស្ករ​សម្រាប់​នាំចេញ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​អ្នក​ឡើង​ត្នោត​ដែល​ជា​សមាជិក​សមាគម អាច​រក​ចំណូល​បាន​ប្រមាណ ១៥ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ឬ ៣០០០ដុល្លារ​ក្នុង​មួយ​រដូវ។

ចំណូល​នេះ គឺ​សម្រាប់​អ្នក​ឡើង​ត្នោត​ដែល​មាន​លទ្ធភាព​ឡើង​ដើម​ត្នោត​បាន​ច្រើន​ជាង ៣០ដើម (ទទួល​ផល​ស្ករ ៣០គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ)។ រី​ឯ​អ្នក​ដែល​ឡើង​ត្នោត​បាន​ត្រឹមកម្រិត​មធ្យម គឺ​អាច​រក​បាន​ប្រមាណ ២៥០០ដុល្លារ​ក្នុង​មួយ​រដូវ។

រូបតំណាង
លោក សំ សារឿន បាន​បញ្ជាក់​ថា អ្នក​ឡើង​ត្នោត ធ្វើ​ស្ករ​ត្នោត​លក់​ឲ្យ​ក្រុមហ៊ុន​នាំចេញថ្លៃ **៥០០០រៀល** ​ក្នុង​មួយ​គីឡូក្រាម ហើយ​ក្រុមហ៊ុន​លក់ចេញ​ថ្លៃ **៦៥០០រៀល**​ក្នុង​មួយ​គីឡូក្រាម។ លោក​ថា បរិមាណ​ស្ករ​ត្នោត​នាំ​ចេញ បាន​កើន​ ៤០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ប៉ុន្តែ​នៅ​តែ​មិន​គ្រប់​តាម​តម្រូវការ​ទីផ្សារ​នាំចេញ​ដដែល (ផលិត​បាន ១៤២តោន​ក្នុង​មួយ​រដូវ ខណៈ​តម្រូវ​ការ​មាន​ដល់ ៣៥០តោន)។

ប្រធាន​សមាគម​លើក​កម្ពស់​ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ​ខាង​លើ បាន​បន្ថែម​ទៀត​ថា ដោយសារ​ស្ករត្នោត ឬ​ស្ករ​ក្រហម​មាន​តម្លៃ​នៅ​លើ​ទីផ្សា​រ មិន​ថា​ក្នុងស្រុក​ ឬ​នាំចេញ ធ្វើ​ឱ្យ​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន កំពុង​ក្លែងបន្លំ​ចេះ​ល្បិច​ចេះ​ច្នៃ​យក​ស្ករស ដែល​មាន​តម្លៃ​ថោក​តែ​ជាង ២០០០ ទៅ ៣០០០ រៀល ក្នុង១​គីឡូក្រាម ទៅ​ច្នៃ​ធ្វើជា​ស្ករ​ក្រហម ដោយ​លាយ​ជាមួយ​ប្រេងឆា ប្រេង​សណ្តែក អំបិល និង​សារ​ធាតុគីមី​មួយ​ចំនួន​ទៀត រំងាស់​នឹង​ខ្ទះ វឹក​-​កូរ ចេញ​ជា​ស្ករ​ក្រហម​ដូច​ស្ករត្នោត ហើយ​ដឹក​លក់​ចរាចរណ៍​តាម​ផ្សារ​ក្នុង​ក្រុងភ្នំពេញ ពិសេស​ផ្សារ​ច្បារអំពៅ និង​ផ្សារ​ដេប៉ូ។ ក្នុង​មួយថ្ងៃ ស្ករ​ក្រហម​បែបនេះ ត្រូវ​​បាន​គេ​ផលិត​បាន ១០​តោន សម្រាប់​ស្តុក​លក់​នៅ​លើ​ទីផ្សារ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;