ចិន ក្លាយ​ជា​ប្រទេស​​នាំ​មុខ​គេ ក្នុង​ការ​ផ្តល់​​​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដល់​កម្ពុជា

  • 2017-09-12 04:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន បាន​ក្លាយ​ជា​អ្នក​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA) ច្រើន​ជាង​គេ​ដល់​កម្ពុជា ក្នុង​រយ:ពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​ចាប់​ពីជាង ២០០លាន​ដុល្លារ​ ទៅ​ជាង ៣០០លាន​ដុល្លារ​ ក្នុងមួយឆ្នាំ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​របស់​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជាស្តីពី​ស្ថានភាព ODA។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​​ថ្មីៗនេះ​​ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​​បាន​ផ្តល់​ជំនួយ ជាង ៣៤៧លាន​​ដុល្លារ នៅឆ្នាំ២០១៤, ជាង ៣៣៩លាន​​ដុល្លារ​នៅ​ឆ្នាំ២០១៥​ និង​ជាង ២៦៥លាន​ដុល្លារ​នៅ​ឆ្នាំ២០១៦។ ចំណែក​​រយៈពេល​ ៣ឆ្នាំ​ខាងមុខ (២០១៧ ដល់ ២០១៩) ជំនួយ​​ដែល​បាន​គ្រោង​ទុក មាន​តម្លៃជាង​ ២២៣​លាន​ដុល្លារ សម្រាប់​ឆ្នាំ​នីមួយៗ។

ជំនួយ​របស់​ចិន​ ភាគ​ច្រើន​ផ្តោត​លើ​គម្រោង​លក្ខណ:​​ធន់ធ្ងន់ ដែល​មាន​ដូចជា​ ការ​កសាង​ផ្លូវជាតិ​​ ​ស្ពាន ទំនប់ ​ការ​ប្រឆាំង​ភេវរកម្ម លើក​កម្ពស់​មធ្យោបាយ​​ធ្វើ​ដំណើរ​​សាធារណៈ គ្រប់គ្រង​ទឹក​ជំនន់ ប្រព័ន្ធ​ធារាសាស្រ្ត ពហុកីឡដ្ឋាន​​ ស្ពាន និង​អគ្គិសនី​ជាដើម។

ស្ពាន​​មិត្តភាព​កម្ពុជា-ចិន​ ឬស្ពាន​ជ្រោយចង្វារ​ទី២ ជា​ជំនួយ​របស់ចិន
ប្រទេស​ដែល​ឈរ​លំដាប់​ទី២ គឺ​ប្រទេសជប៉ុន។ ពី​ឆ្នាំ​២០១៤ ដល់ ២០១៦ ជប៉ុន​បាន​ផ្ដល់​ជំនួយ​ ODA ដល់​កម្ពុជា ជាង ១១០លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ខណៈ​ ៣ឆ្នាំ​បន្ទាប់ (២០១៧ ដល់ ២០១៩) ជប៉ុន​នឹងផ្ដល់​ជំនួយ​ជាង ១២០លាន​ដុល្លារ តាមឆ្នាំនីមួយៗ។ ជំនួយ​របស់​ជប៉ុន ផ្ដោត​លើ​ការ​បោស​សម្អាត​មីន កម្មវិធី​ទឹកស្អាត ការ​ពង្រីក​ផ្លូវ​ជាតិ ស្ពាន សាលារៀន ការ​កាត់​បន្ថយ​ភាព​ក្រីក្រ កំពង់ផែ អប់រំបច្ចេកទេស និង​កែ​លម្អ​ប្រព័ន្ធ​លូ​ជាដើម។

ចំណែក​សហរដ្ឋ​អាមេរិក ឈរ​លេខ ៣ ក្នុង​ការ​ផ្ដល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​​ដល់​កម្ពុជា។ នៅ​ឆ្នាំ ២០១៤ អាមេរិក​បាន​ផ្ដល់​ជំនួយ​ជាង ៩១លាន​ដុល្លារ ឆ្នាំ២០១៥ ជាង ​១០០លាន​ដុល្លារ​ និង​ឆ្នាំ២០១៦ ជាង ៧១លាន​ដុល្លារ។ សម្រាប់​៣ឆ្នាំ​បន្ទាប់ (២០១៧ ដល់ ២០១៩) អាមេរិក គ្រោង​ផ្ដល់​ជំនួយ ប្រមាណ​ជាង ៧១លាន​ដុល្លារ សម្រាប់​ឆ្នាំ​នីមួយៗ។ ជំនួយ​របស់​អាមេរិក ភាគ​ច្រើន​ផ្ដោត​លើ​វិស័យ​កសិកម្ម វិទ្យាសាស្រ្ដ អប់រំ ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ​ភិរក្ស​សត្វ​​ព្រៃ ធនាគារ រោងចក្រ​កាត់ដេរ សង្គម​ស៊ីវិល កំណែទម្រង់​ប្រជាធិបតេយ្យ ការ​អង្កេត​ការ​បោះឆ្នោត និង​កម្មវិធី​ប្រឆាំង​ពលកម្ម​កុមារ​ជាដើម៕

អត្ថបទ៖​​ ជ័យ ​ជំនោរ

អត្ថបទថ្មី
;