សហរដ្ឋ​អាមេរិក​ ថា​ខ្លួន​ជា​អ្នក​គាំទ្រ​ដ៏ខ្លាំង ចំពោះ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា

  • 2017-09-13 02:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជា លោក William Heidt បាន​និយាយ​កាល​ពីថ្ងៃ​អង្គារម្សិលមិញ​នេះ​ថា ​សហរដ្ឋ​អាមេរិក​ជាអ្នក​គាំទ្រ​ដ៏ខ្លាំង​​ចំពោះ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ដោយ​បាន​ជួយ​កម្ពុជា ទាក់ទាញ​ក្រុមហ៊ុន​សម្លៀកបំពាក់​ល្បីៗ​នៅ​ក្នុង​ពិភពលោក រួមទាំង​ក្រុមហ៊ុន​អាមេរិក​ផង​ដែរ។

និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ លោក William Heidt​ បាន​អះអាង​ថា​ក្នុងឆ្នាំ​កន្លង​ទៅ​ សហរដ្ឋ​អាមេរិក​បាន​បង្កើត​ឧស្សាហកម្ម​ថ្មី​សន្លាង​​មួយ​ដែល​មាន​តម្លៃ ១០០លាន​ដុល្លារ ស្តីពី​ទំនិញ​សម្រាប់​ការធ្វើ​ដំណើរ ដែល​នៅ​ពេលនេះ​ប្រើ​កម្លាំង​កម្មករ​ចំនួន​ជិត ១០មុឺននាក់។

លោក Heidt​ ​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​បាននាំ​ចេញ​ទំនិញ​ចូល​ទីផ្សារ​អាមេរិក​ តម្លៃ ៣៦ពាន់​លាន​ដុល្លារ​សម្រាប់​រយ:ពេល ២០ឆ្នាំ​មក​ហើយ ដែល​តួ​លេខ​នេះ ស្មើនឹង​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល ៤ដង។ ​លោក​ថ្លែង​ថា៖ “យើង​បើក​ទីផ្សារ​របស់​យើង។ យើង​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការលើកលែង​ពន្ធ​នាំចូល​នៅ​សហរដ្ឋ​អាមេរិក ហើយ​យើង​បាន​​ផ្តល់​ជំនួយ​ ​ដោយ​សារ​យើង​ចង់​ឲ្យ​កម្ពុជា​ជោគជ័យ”។

លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​រៀបរាប់​នូវការងារ​មួយ​ចំនួន​ទៀត​ដែល​សហរដ្ឋ​អាមេរិក​បាន​ជួយ​កម្ពុជា ដូចជា​ការដោះស្រាយ​អសន្តិសុខ​ស្បៀង​ កាត់បន្ថយ​អត្រា​ចម្លង​មេរោគ​អេដស៍​ ​​ស្រាវជ្រាវ​រកថ្នាំ​ព្យាបាល​គ្រុនចាញ់ ការអប់រំ​ភាសា​អង់គ្លេ​ស​ដល់​ក្មេង​ខ្សត់ខ្សោយ និងពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។

ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក William Heidt​ ​នេះ​ដែរ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​​លោក ផៃ ស៊ីផាន បាន​និយាយ​ថា កម្ពុជា​មិន​បាន​ចាត់​ទុក​អាមេរិក​ជា​សត្រូវ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ដៃគូ​ជានិច្ច៕

អត្ថបទ៖​​ ជ័យ ​ជំនោរ

អត្ថបទថ្មី
;