សភា​ហ្វីលីពីន អនុម័ត​ថវិកា​ចំណាយ ២០​ដុល្លារ ឲ្យ​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស

  • 2017-09-13 02:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តំណាងរាស្ត្រ​ហ្វីលីពីន បាន​បោះឆ្នោត​អនុម័ត​ថវិកា​ចំណាយ​ត្រឹមតែ ២០​ដុល្លារ​ប៉ុណ្ណោះ ឲ្យ​ទៅ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ហ្វីលីពីន នៅ​ឆ្នាំ​២០១៨។ ការ​បោះឆ្នោត​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ម្សិលមិញ ដោយ​មាន​សំឡេង​គាំទ្រ ១១៩ លើ ១៥១​សំឡេង។

ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ហ្វីលីពីន​ស្ទើរ​ទាំង​ស្រុង​នេះ គឺ​ក្រោយ​គណៈកម្មាធិការ​នេះ បាន​រិះគន់​ចំពោះ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​ប្រធានាធិបតី Rodrigo Duterte និង​បាន​ស៊ើប​អង្កេត​លើ​ការ​សម្លាប់​ជន​សង្ស័យ​គ្រឿងញៀន​រាប់ពាន់​នាក់ ក្នុង​រយៈពេល ១៥​ខែ​ចុងក្រោយ​នេះ។

ចំណែក​ប្រធាន​សភា​ហ្វីលីពីន លោក Pantaleon Alvarez បាន​បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ហ្វីលីពីន​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​គួរ​តែ​ទទួល​បាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​ទាប ព្រោះ​ជា​ស្ថាប័ន​អត់​ប្រយោជន៍ ដែល​ការពារ​សិទ្ធិ​ក្រុម​ឧក្រិដ្ឋជន។

លោក​ប្រធាន​សភា​រូប​នោះ បន្ថែម​ថា "ប្រសិន​បើ​អ្នក​ការពារ​សិទ្ធិ​ក្រុម​ឧក្រិដ្ឋជន ទៅ​យក​ថវិកា​ចំណាយ​ពី​ក្រុម​ឧក្រិដ្ឋជន​ទៅ។ វា​ជា​រឿង​ធម្មតា​ទេ។ ហេតុអ្វី​អ្នក​គួរ​ទទួល​ថវិកា​ចំណាយ​ពី​រដ្ឋាភិបាល ហើយ​អ្នក​មិន​ធ្វើការ​របស់​អ្នក?”

សម្រាប់​ថវិកា​ចំណាយ​ឆ្នាំ​២០១៨ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ហ្វីលីពីន បាន​ស្នើ​ចំនួន​ប្រមាណ ៣៣​លាន​ដុល្លារ ប៉ុន្ដែ​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​ត្រឹមតែ ១៣​លាន​ដុល្លារ​ប៉ុណ្ណោះ។ ចុងក្រោយ​សភា​ហ្វីលីពីន​បាន​អនុម័ត​ឲ្យ​គណៈកម្មាធិការ​នេះ ត្រឹមតែ ២០​ដុល្លារ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ថវិកា​ចំណាយ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​អនុម័ត​ហើយ​នេះ ត្រូវការ​ការ​ពិនិត្យ និង​យល់ព្រម​ពី​ព្រឹទ្ធសភា​ហ្វីលីពីន បន្ត​ទៀត៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;