អ្នក​​ដាល់​អំបុកនៅ​ស្វាយ​រៀង ជួប​វិបត្តិ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ ដោយសារ...

  • 2017-09-13 03:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ដាល់​អំបុក​លក់ ខួប​ប្រាំង​ខួប​វស្សា គឺ​ជា​មុខ​របរ​ដ៏​ពេញ​និយម​របស់​ប្រជា​កសិករ​មួយ​ចំនួន ដែល​រស់​នៅ​ក្នុង​ឃុំ​ក្រោល​គោ ឃុំ​គោក​គគីរ ឃុំ​គោគ​កណ្តុរ និងឃុំ​នារា​ទេន ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង​។ អំបុក​ដែល​ផលិត​បាន ត្រូ​វច្រក​ក្នុង​ស្បោង​តូចៗ​តម្លៃ១​ម៉ឺន​រៀល ហើយ​ដាក់​តាំង​លក់​តាម​តូប ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ពី​អ្នក​លឿង ទៅ​ក្រុង​បាវិត។

អ្នក​មីង ស៊ឹម សា​រឿន អាយុ ៤៣​ឆ្នាំ ដែល​ប្រកប​របរ​លក់​អំបុក​នៅ ឃុំ​ក្រោល​គោ ជាង​៤ឆ្នាំ​មក​ហើយ នោះ បាន​រំលឹក​ថា កាល​ពី​បើក​លក់​ដំបូង អ្នក​មីង​អាច​រក​ប្រាក់​ចំណូល​ពី ១​លាន ទៅ ២​លាន​រៀល​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អ្នក​មីង​រក​ប្រាក់​ចំណូល​បាន​ប្រហែល ​១០ម៉ឺន​រៀល​ប៉ុណ្ណោះ មួយ​ថ្ងៃ​។ ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​នេះ គឺ​បណ្តាល​មក​ពី​មាន​អ្នក​ប្រកប​របរ​នេះ​ច្រើន​ជាង​មុន​។ ការ​កើន​ឡើង​នេះ គឺ​បណ្តាល​មក​ពី​ការ​ដាល់​អំបុក​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ដោយ​គេ​ប្រើ​ម៉ាស៊ីន​ដាល់​អំបុក ជំនួស​ឱ្យ​ការ​ជាន់​ត្បាល់​ក្តឿង​ដោយ​ប្រើ​មនុស្ស ឬ ការ​បុក​ដោយ​ប្រើ​អង្រែ​ដៃ។

ដូច​គ្នា​នេះ​ដែរ អ្នក​មីង ជា សា​វឿន អាយុ ៤៤​ឆ្នាំ អ្នក​លក់​អំបុក​នៅ​ឃុំ​គោក​ព្រីង ក៏​ទទួល​ស្គាល់​ដែរ​ថា ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​អំបុក មាន​ការ​ធ្លាក់​ចុះ​ជាង​កាល​ពី៥​ឆ្នាំ​មុន។ ដូច្នេះ​ហើយ កាល​ពី​២​ឆ្នាំ​មុន អ្នក​មីង​បាន​ដំឡើង​ត្បាល់​ក្តឿង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​តម្លៃ​ជិត​១​ពាន់​ដុល្លារ ដើម្បី​ដាល់​អំបុក កុំ​ឱ្យ​ចាញ់​អ្នក​រក​ស៊ី​ឯ​ទៀត​ក្នុង​ឃុំ។ តែ​ប្រាក់​ចំណូល​នៅ​តែ​មិន​សូវ​ល្អ​ដដែល​ ព្រោះ​អ្នក​ដាល់​អំបុក​លក់​ក្នុង​ឃុំ សុទ្ធ​តែ​មាន​ត្បាល់​ក្តឿង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ​ដូចៗ​គ្នា ហើយ​អ្នក​លក់​កាន់​តែ​ច្រើន​ឡើងៗ​។

ការ​ដាល់​អំបុក​លក់​នេះ ត្រូវ​គេ​ធ្វើ​ពេញ​១២​ខែ​ក្នុង​១​ឆ្នាំ ។ ខុស​ពី​ការ​ដាល់​អំបុក​នៅ​តំបន់​ផ្សេងៗ​ ស្រូវ​ដែល​គេ​និយម​យក​មក​ដាល់​អំបុក​នៅស្រុក​ស្វាយជ្រុំ​នេះ គឺ​ស្រូវ​ទុំ​ស្ងួត​ប្រភេទ ស្រូវ​ផ្កា​ម្លិះ ស្រូវ​សែន​ក្រអូប ស្រូវ​សែន​ពិដោរ។ ស្រូវ​ទាំង​នេះ ត្រូវ​គេ​យក​ទៅ​ត្រាំ​ទឹក​មួយ​រយៈ ហើយ​យក​ទៅ​សំដិល​ឱ្យ​ស្រស់​ទឹក បន្ទាប់​មក​គេ​យក​ទៅ​លីង និង ដាល់​ដោយ​ត្បាល់​ក្តឿង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិ។ បន្ទាប់​មក គេ​រែង​សម្អាត និង ច្រក​ស្បោង​លក់៕

អត្ថបទ៖ ឃុត សុខឿន

អត្ថបទថ្មី
;